ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៩៦,៥៦៥នាក់ នាំគ្នាទៅ​កម្សាន្ត​នៅខេត្តកំពត ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក សយ ស៊ីណុល​ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែង​ឱ្យ​ដឹង​ថា៖​ ក្នុងរយ:ពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានប្រមាណជាង ៩៦,៥៦៥នាក់ ដែលមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២។

លោកប្រធានមន្ទីរូបនេះ​ បានគូសបញ្ជាក់ថា​ ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានី ចំនួន ៩៥ ៥៦៥នាក់ បានចូលមកសម្រាកលម្ហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត។

បន្ថែមពីនេះ​ លោកប្រធាន​មន្ទីរ​ បានគូសបញ្ជាក់ទៀត​ថា​ ចំនួនភ្ញៀវទេសចរឆ្នាំនេះគឺមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៩៥ ៤២០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១ ១៤៥នាក់។ 

ដោយឡែក​ ​ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ សម្រាប់ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុប៦៣,០៦៦នាក់ (ភ្ញៀវជាតិ ៦២,១៩០នាក់ និងភ្ញៀវបរទេស៨៧៦នាក់)។ នេះបើ​តាមការបញ្ជាក់ពី​លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។ ចំណែក​​សម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយមានភាពល្អប្រសើរផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖