ខេត្តសៀមរាប៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ១៣២ ០៥១ នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩ នាក់ ឯភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២ នាក់។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង ជាផ្លូវការហើយ។ក្នុងពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនេះ រៀបចំឡើងក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។ អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០ និងអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕
ដោយ៖សហការី