ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តឧត្តរមានជ័យ​ ទទួល​ភ្ញៀវទេសចរជាតិ-អន្តរជាតិ​ ទៅកម្សាន្តជាង​ ១៣ម៉ឺន​នាក់នាឱកាសបុណ្យភ្ជុំបិណ្ឌ​ ៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោកស្រី ធិននី មុនីរស្មី បានឱ្យ​ដឹង​នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖​ កំណើនភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ហាក់មានកំណើនជាងឆ្នាំ២០២២ កន្លងទៅ។

លោកស្រីប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ​ បាន​គូសបញ្ជាក់ថា​ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថានភាពភ្ញៀវទេសចរដែលបានចូលមកកម្សាន្ត នៅតំបន់ប្រាសាទបុរាណ វត្តអារាម និងរមណីយដ្ឋានទេសចរណ៍នានាក្នុងទូទាំងខេត្ត មានកំណើនគួរឱ្យកត់សម្គាល់។ លោកស្រី​ បន្តថា ចំពោះភ្ញៀវទេសចរជាតិ មានចំនួន សរុប ១៣,៦៩៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២ មានចំនួន ១០,៨៩៨ នាក់ មានអត្រាកើនឡើង ២៦ភាគ រយ ។ ចំណែកភ្ញៀវទេសចរអន្តជាតិ វិញ មានចំនួន សរុប១៥៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២ មានចំនួន១១៣នាក់ប៉ុណ្ណោះ គឺមានការកើនឡើង៣៧ភាគរយ។

ប្រធាន​មន្ទីរ​រូបនេះ​ បានឱ្យដឹងទៀតថា​ បច្ចុប្បន្នភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមផ្តោតការយកចិត្តទុកដាក់ ទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍បែបធម្មជាតិៗ ក្នុងនោះឧត្តរមានជ័យ គឺជាតំបន់មួយដែលមានសក្តានុពលល្អប្រសើរបែបនេះ ដើម្បីទាក់ទាញទេសចរ។

ទីមួយដោយសារតែកន្លងមកប្រទេសយើងពីមុនជួបនូវបញ្ហាកូវីដ អ៊ីចឹងទេភ្ញៀវទេសចរគាត់អត់ហ៊ានដើរកម្សាន្ត តែដោយសារសម្រាប់ឆ្នាំ២០២៣នេះឃើញថាជំងឺនេះស្ទើរតែបាត់ទាំងស្រុង។ អ៊ីចឹងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មានការចាប់ផ្តើមគាត់គិតអំពីការដើរលេងកម្សាន្តហ្នឹង ហើយបច្ចុប្បន្នគាត់ផ្តោតទៅលើតំបន់ធម្មជាតិទៅលើការដើរលេងកម្សាន្តហ្នឹង ហើយដោយសារភាគច្រើនតំបន់ធម្មជាតិនៅក្នុងខេត្តយើងក៏មិនចាញ់នៅខេត្តដទៃដែរ ដោយ សារខាងសហគមន៍យើងគាត់កំពុងរៀបចំនូវទីតាំងរបស់គាត់ដើម្បីទាក់ ទាញទេសចរ។

សូមជម្រាបផងដែរថា ខេត្តឧត្តរ មានជ័យ ស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ ខេត្តឧត្តរមានជ័យ មានកេរដំណែលវប្បធម៌មួយចំនួន ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន។ ដោយសារខេត្តនេះ មានរមណីយដ្ឋានវប្បធម៌ជាច្រើន រួមមាន៖ ប្រាសាទបុរាណ ស្ពានបុរាណ ទួលប្រាសាទនិងស្រះបុរាណជាច្រើនកន្លែង ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិផ្សេងៗទៀត សម្រាប់ទាក់ទាញទេសចរចូលទៅកម្សាន្តផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖