ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក រួមជាមួយនឹងជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាបច្ចេកទេសក្នុងការរំដោះទឹកដែលកំពុងតែបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៧ ៤៨

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយនឹងជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាបច្ចេកទេសក្នុងការរំដោះទឹកដែលកំពុងតែបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣ គីឡូ ម៉ែត្រលេខ៤៧ ៤៨ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងពីស្រុកគងពិសី នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា «បើគិតម៉ោងនេះ យើងអាចនិយាយបានថា ទឹកបានស្រកទៅអស់ពីស្តុកទៅហើយ ហើយកងកម្លាំងសរុប នៃគណៈបញ្ជាការឯកភាព បានរំដោះរោងចក្រចំនួន៣ ក្នុងចំណោមរោងចក្រ១០កន្លែងក្នុងតំបន់ទឹកលិច»។

លោកថា ចំពោះស្ថានភាពទឹកគិតក្នុងម៉ោងនេះ យើងបានសហការជាមួយក្រសួងធនធានទឹក រដ្ឋបាលខេត្តតាកែវ ហើយមានការស្ម័គ្រចិត្តពីផ្ទះប្រជាពលរដ្ឋមួយចំនួន ឲ្យយើងបានទម្លាយមុខទឹកទំលាក់ទៅខាងខេត្តតាកែវបាន រលូន។ យើងមានការសហការដ៏សស្រាក់ស្រាំពីសំណាក់អាជ្ញាធរពាក់ព័ន្ធក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានដីរបស់គាត់ជាប់ផ្លូវ ឲ្យកាយទម្លាយមុខទឹករហូតស្រកជិតអស់ហើយ។

លោកអភិបាលខេត្តកំពង់ស្ពឺ បន្តថា «បើទោះបីជាមានភ្លៀងទៀត ខ្ញុំគិតថា មិនមានផលលំបាកអីធ្ងន់ធ្ងរជាងហ្នឹងទេ»។ លោកបន្តថា បើទោះជាបែបនេះក្តី លោកសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគាត់រកទទួលទាន ឬក៏សេវាដឹកជញ្ជូនធុនធ្ងន់ សូមមេត្តាជួយផ្អាកឲ្យមួយថ្ងៃ ឬពីរទៀតចាំធ្វើចរាចរណ៍បន្ត ពីព្រោះនៅពេលនេះទឹកមិនហូរកាត់ផ្លូវមែន ក៏ប៉ុន្ដែផ្លូវនៅទន់ជ្រាយនៅឡើយ បងប្អូនយើងអាចធ្វើដំណើរបានតែទៅលើ មធ្យោបាយធន់តូចៗតែប៉ុណ្ណោះ ឬរថយន្តដឹកលក្ខណៈគ្រួសារ ឬដឹកទំនិញលក្ខណៈគ្រួសារទេ គឺសុំឲ្យគាត់ធ្វើការរកផ្លូវវាងបណ្តោះអាសន្នសិន។ 

សូមបញ្ជាក់ថា ៖ រៀងរាល់ឆ្នាំនៅខេត្តកំពង់ស្ពឺ ប្រឈមនឹងការជន់លិច ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹង ពី ស្ថានភាព ធាតុអាកាស តាមបណ្តារាជធានី ខេត្ត៕ 

ដោយ ៖ សហការី


ចែករំលែក៖