ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ប្រើរថយន្ក ក្រុងដឹក ពលរដ្ឋ កម្មករ កម្មការិនី ៦ម៉ឹននាក់ទៅលេងស្រុក ភ្ជុំបិណ្ឌ ៥ថ្ងៃមិនយកលុយ

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណ ៦ម៉ឺននាក់ បានមកទទួលសេវាការដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដើម្បីទៅលេង ស្រុកកំណើតជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ចេញ និងប្រើប្រាស់ រថយន្តក្រុង ដឹកទៅនិងមកវិញ ១៥០០ ជើង ឯណ្ណោះ ខណៈ រថយន្ដរបស់យើងមានតែ ៤៥៥គ្រឿង ប៉ុណ្ណោះ   

   នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ នៅរាត្រីថ្ងៃចន្ទ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ។

    លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានត្រៀម និងបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតចំនួន ០៥ថ្ងៃ ដោយមិនបង់ប្រាក់ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។  

   តាមស្ថានភាពជាក់ស្ដែង មានបងប្អូនប្រ ជាពលរដ្ឋ កម្មករ កម្មការិនី រោងចក្រ ៦ម៉ឺននាក់ បានមកទទួលសេវា ដឹកជញ្ជូនសាធារ ណៈ(រថយន្តក្រុង) ដូច្នេះ រដ្ឋបាលរាជធានី យើង តម្រូវឱ្យ ប្រើប្រាស់រថយន្តក្រុងដឹកបងប្អូនទៅមក រហូតដល់ទៅ ១៥០០ ជើង ឯណ្ណោះ ។ 

      លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ បងប្អូនដែល បានប្រើប្រាស់រថយន្តក្រុងដើម្បីទៅស្រុកកំណើត ច្រើនជាងគេ គឺបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅ ខេត្ដ សៀមរាប.ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលចំនួនក្នុងខេត្ដនីមួយៗ ១ម៉ឺននាក់ៗ ឯណ្ណោះ ។  ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដែលក្នុងនោះពួកគាត់មិនបានចំណាយថវិកាទៅលើការធ្វើដំណើរ នោះឡើយ  និងរក្សាបាននៅសុខសុវត្ថិភាពថែមទៀត។

      លោកបានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមរថយន្តក្រុងមិនយកប្រាក់ នេះ  មានបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី បានសម្ដែងកាយវិការ សប្បាយចិត្ដ 

រីករាយ ក្នុងចិត្តនិងបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា បាន យកចិត្តទុកដាក់ ដោយប្រើប្រាស់រថយន្តដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដឹកបញ្ជូនពួកគាត់ទៅស្រុកកំណើតដោយមិនយកប្រាក់ ។ ទង្វើរនេះ ប្រជាពលរដ្ឋសាទរ យ៉ាងខ្លាំងរហូតនាំគ្នាមកទទួលសេវានេះ ចំនួន ៦ម៉ឺននាក់ ស្មើនិងការប្រើប្រាស់រថយន្ដ សម្រាប់ដឹកជញ្ជូនចំនួន ១៥០០ ជើង 

    សួមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញ រថយន្តក្រុង ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយថវិកា ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ៕

ដោយ៖ សំរិត


ចែករំលែក៖