ព័ត៌មានទាន់ហេតុការណ៍៖

លិខិតបំភ្លឺ និងវិធានការរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ករណីទណ្ឌិត សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បញ្ចេញសារសម្លេងពីក្នុងមណ្ឌលអប់រំកែប្រែទី១ និងត្រូវបានបង្ហោះជាសាធារណៈនៅតាមបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លិខិតបំភ្លឺ ករណី ពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បានបញ្ចេញសារនយោបាយពីក្នុង មណ្ឌលអប់រំកែប្រែទី១ និងត្រូវបានយកទៅបង្ហោះតាមបណ្តាញសង្គម។ 

បន្ទាប់ពីបានឃើញការបង្ហោះជាសារសម្លេងរបស់ពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang តាមបណ្តាញសង្គម កាលពីថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៣ ដែលត្រូវបានគណនីមួយចំនួនលើបណ្តាញសង្គម TikTok យកមកបង្ហោះ និងចែកចាយតគ្នា អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជាសាធារណៈ ដូចខាងក្រោម៖

តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើត្រូវបានបញ្ចេញតាម ប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង ១៥ និង ៤៧នាទី រសៀល ថៃ្ងព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ “ក” នៃមណ្ឌលអប់រំកែប្រែ ទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្ត្រ ដែលជាប្រធានស្តីទី គណបក្សខ្មែរក្រោក ទូរស័ព្ទលេខ ០៨៧ ៣៣៣ ៣៦២ និងត្រូវបានឈ្មោះនេះថតទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើ គណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយពិនិត្យឃើញថា ទង្វើនេះជាសកម្មភាពល្មើសច្បាប់ ដូចមានចែងក្នុងចំណុចទី៦ មាត្រា៦ ថ្មី (ពីរ) នៃ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) និងជាសកម្មភាពល្មើសបទបញ្ជាផ្ទៃក្នុង ពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានចាត់នូវវិធានការចាំបាច់ រួមមាន៖

ដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងឈ្មោះ មាស សុភ័ក្ត្រ ប្រធានស្តីទី គណបក្សខ្មែរ ក្រោក ករណីប្រើប្រាស់សារសម្លេង និងរូបភាពទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យធ្វើ សកម្មភាពដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយខ្លួនជា សម្រេចដាក់វិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ឱ្យនៅក្នុង បន្ទប់ដាក់វិន័យ ហាមប្រើប្រាស់ប្រព័ន្ធទូរស័ព្ទអចល័ត និងមិនអនុញ្ញាតជួបសួរសុខទុក្ខជាមួយ ញាតិមិត្តខាងក្រៅ រយៈពេល០២សប្តាហ៍ ចុះកំណត់ហេតុល្មើសបទបញ្ជាផ្ទៃក្នុង និងបង្កើន ចំណាត់ថ្នាក់សន្តិសុខ៕

ដោយ ៖ សិលា


ចែករំលែក៖