ព័ត៌មានទាន់ហេតុការណ៍៖

យានយន្ត ៧៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ខណៈ​មនុស្ស​ ៤នាក់ស្លាប់​ និងរបួស ០៨នាក់ នាថ្ងៃទី១៧ ខែតុលានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​កម្ពុជា​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៨គ្រឿងទៀត​នាថ្ងៃនេះ ក្នុងនោះមានម៉ូតូ ៦១គ្រឿង និងរថយន្ត ១៧គ្រឿង។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៥,០២៤គ្រឿង ក្នុងនោះមានម៉ូតូ ៤,២៥៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧៦៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់បណ្ណបើកបរ និងល្មើសភ្លើង-ផ្លាកសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសភ្លើង-ផ្លាកសញ្ញា គ្មានភ្លើងបំភ្លឺ ល្មើសល្បឿន ឆៀក និងដឹកសំពីងសំពោងជាដើម។

ជាមួយគ្នានោះ​ សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៨នាក់ (របួសធ្ងន់ចំនួន ០៤នាក់)។ រយៈពេល ១៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩១នាក់ របួស ២៤៦នាក់ (របួសធ្ងន់ ១៤២នាក់)។ 

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ​៖ សហការី​


ចែករំលែក៖