ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​កម្ពុជា​-ជប៉ុន​ គាំទ្រក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសបច្ចេកវិទ្យា​ ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ

ចែករំលែក៖

ទីក្រុងវៀងច័ន្ទ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

ជំនួបទ្វេភាគីនេះធ្វើឡើងក្នុងឱកាសដែល លោកនាយឧត្តមសេនីយ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41st ASEANAPOL CONFFERENCE) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» កាលពីរសៀលថ្ងៃអង្គារទី១៧ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ជាកិច្ចចាប់ផ្តើម លោក SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានឧទ្ទេសនាមខ្លួន និងសហការីជូនលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានសម្តែងនូវការចូលរួមអបអរសាទរចំពោះ លោកនាយឧត្តមសេនីយ៍ ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានស្នើសុំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិជប៉ុន។​ លោក SANO Tomoki ក៏បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលកន្លងមកបានសហការគ្នាយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើស។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានមានប្រសាសន៍គាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសបច្ចេកវិទ្យា​ ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីនគរបាលជាតិជប៉ុន ពិនិត្យលទ្ធភាពបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក SANO Tomoki បានស្វាគមន៍គាំទ្រពាក់ព័ន្ធការបណ្តុះបណ្តាលកសាងសមត្ថភាព និងបានបញ្ជាក់ជូនអំពីវគ្គបណ្តុះបណ្តាលដែលផ្តល់ជូនតាមរយៈអង្គការចៃកា (Jica) នៅកម្ពុជា៕

ដោយ៖ស​ តារា


ចែករំលែក៖