ខេត្តកំពង់ធំ៖ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចវាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួស លោក ស៊ិន វិរៈ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺវិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, លោក សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, លោកប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោកអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោកប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត។
មានប្រសាសន៍នៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលត្រូវបានផ្ទេរ និងតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាឱកាសនេះ។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ស៊ិន វិរៈ ដែលបានដឹកនាំអយ្យការអមសាលាដំបូងខេត្តកំពង់ធំកន្លងទៅនេះ និងថ្នាក់ដឹកនាំនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលកន្លងមក ហើយ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ បន្ថែមលើយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ នេះ, នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដោយសម្រេចឱ្យបានជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដោយក្នុងនោះ “ការពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ នេះ ហើយ សម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន៖
(ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន,។
(ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស ។
និង (ទី៣)-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ផ្អែកលើទិសដៅជាអាទិភាពខាងលើនេះ, ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញនូវយុទ្ធនាការសំខាន់ៗចំនួន ៣ សម្រាប់សម្រេចឱ្យបាននូវកិច្ចការអាទិភាពទាំង ៣ ដែល សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ គឺ៖
(ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, ។
(ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
និង (ទី៣)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
មុននឹងបញ្ចប់, លោកឧបនាយករដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តម រស់ សារាំ ដែលត្រូវចូលកាន់តំណែងជាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នូវចំណុចសំខាន់មួយចំនួន រួមមាន៖
(១)-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម ពិសេស ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ ចំពោះជនបរទេសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។
ត្រង់ចំណុចនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនផងដែរថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ (ដែលមានសញ្ជាតិមួយជាសញ្ជាតិខ្មែរ), សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេសដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ការជូនដំណឹងទៅស្ថានទូតបរទេស មានន័យស្មើនឹងការឱ្យតម្លៃដល់សញ្ជាតិគេជាងសញ្ជាតិខ្មែររបស់យើង។ ក្នុងន័យនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់កំណត់អត្តសញ្ញាណរបស់ជនល្មើសឱ្យបានច្បាស់លាស់។
(២)-ត្រូវប្រកាន់ខ្ជាប់នូវអនាគតិនៅពេលជំនុំជម្រះរឿងក្តី ពោលគឺការវៀរចាកនូវអគតិទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។
(៣)-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ដើម្បីធ្វើជាគោលការណ៍នៃអភិបាលកិច្ចការងារក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជា ដើម្បីចូលរួមជាមួយការងារកែទម្រង់វិស័យយុត្តិធម៌ឱ្យទទួលបានជោគជ័យ។
(៤)-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពធនធនមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ហើយក្រសួងយុត្តិធម៌អាចផ្តល់ជាការគាំទ្រជាបច្ចេកទេសតាមតម្រូវការចាំបាច់។ បន្ថែមពីនេះ, សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវរៀបចំនូវសមាសភាពមន្ត្រីបច្ចេកទេស និងមន្ត្រីរដ្ឋបាលរបស់ខ្លួន ដែលនឹងត្រូវទទួលការបណ្តុះបណ្តាលបន្ត ដែលនឹងរៀបចំឡើងដោយក្រសួងយុត្តិធម៌នាពេលខាងមុខ។ ម្យ៉ាងទៀត, មន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចសម្របខ្លួនបានទាន់ទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
(៥)-ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ, សំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ពាក់ព័ន្ធនឹងចំណុចនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាផ្តល់យុត្តិធម៌ដល់ភាគីដែលបានឈ្នះក្តី។
(៦)-ត្រៀមលក្ខណៈទាំងផ្នែកបច្ចេកទេស ទាំងផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ប្រកបដោយឆន្ទៈមោះមុត ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់សំដៅលើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕
ដោយ ៖ សិលា