ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានប្រគល់ពាន់រង្វាន់រូបថតឆ្នាំ២០២៣ ស្តីពី «សម្រស់សហគមន៍យើង» ដែលប្រព្រឹត្តទៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញក្រោមអធិបតីភាព លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
បេីតាមការបញ្ជាក់ពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ក្លិបអ្នកកាសែតកម្ពុជា បានរកឃើញហើយជើងឯកថតរូបចំនួន៥រូបសម្រាប់ឆ្នាំ២០២៣ ហើយបានប្រគល់ពានរង្វាន់ដល់ជ័យលាភីនៅថ្ងៃនេះ។
សូមជម្រាបថា តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត រួមទាំងតំបន់អភិវឌ្ឍជាដើម។
ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភីក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។ រូបថតដែលផ្ញើរមកគណកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យនិងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។
ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានឱ្យដឹងថា គណៈកម្មការវាយតម្លៃ ដែលមានរូបលោកផ្ទាល់ លោក ហេង ស៊ីនិត្យ អ្នកថតរូបអាជីព និងលោក ឡា ម៉ូ សិល្បករថតរូប បានពិនិត្យ និងវិនិច្ឆ័យយ៉ាងល្អិតល្អន់រាល់រូបថតទាំងអស់ដែលបេក្ខជនដាក់ចូលរួមប្រកួតប្រជែង។ ជាលទ្ធផល គណៈកម្មការបានវាយតម្លៃជារួមថា រូបថតដែលមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត ហើយគណៈកម្មការសម្រេច ជ្រើសរើសជាជ័យលាភីមានចំនួន៥រូប ដោយក្នុងនោះ ជ័យលាភីលេខ១ លោក លន ហ្សាឌីណា ជ័យលាភីលេខ២ លោក គឹម បូរិន ជ័យលាភីលេខ៣ លោក តាំង ឈិនសុធី ជ័យលាភីលេខ៤ លោក ហុង មិនា និងជ័យលាភីលេខ៥ លោក ប៉ាន់ បូនី។
ក្លិបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ថា ទោះបីជាលើកទី១ សម្រាប់ការប្រកួតប្រជែងនេះ ប៉ុន្តែ អ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យបានបង្ហាញនូវការចាប់អារម្មណ៍ និងបានផ្ញើរូបថតមកចូលរួមដណ្តើមពានរង្វាន់។ ក្លិបអ្នកកាសែត បានអរគុណចំពោះបេក្ខជនដែលបានចូលរួមក្នុងការប្រកួតប្រជែង ហើយបានសម្រិតសម្រាំងស្នាដៃរបស់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ ហើយក៏អបអរសាទរចំពោះជ័យលាភីទាំង៥ រូបផងដែរ។
ស្ថិតក្នុងឱកាសនេះដែរ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការប្រកួតប្រជែងនេះ មិនគ្រាន់តែជាការបង្ហាញនូវស្នាដៃ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗនោះទេ ប៉ុន្តែ លើសពីការក្រកួតប្រជែងរូបថតនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការជួយផ្សព្វផ្សាយរូបភាពវិជ្ជមាននៅក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោក ប៉ែន បូណា ថា នេះជាពេលេវាលា ដែលអ្នកសារព័ត៌មាន ត្រូវផ្លាស់ប្ដូររូបភាពអវិជ្ជមាន មកជារូបភាពល្អជាវិជ្ជមាន ដើម្បីជួយផ្សព្វផ្សាយឱ្យកាន់តែទូលាយក្នុងប្រព័ន្ធសារព័ត៌មាន ហើយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នឹងបានស្វែងយល់ដឹងបន្ថែមទៀតអំពីតំបន់ទេសចរណ៍ ទាំងទេសចរណ៍ធម្មជាតិ វប្បធម៌ បរិស្ថាន និងតំបន់អេកូទេសចរណ៍រួមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។
ជាមួយគ្នានេះ ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកថតរូបមេត្តារួសរាន់ផ្ញើររូបថតដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់និងស្នាដៃឯកសម្រាប់ឆ្នា២០២៣នេះ។ ក.អ.ក ក៏សូមស្វាគមដល់ស្ថាប័នរដ្ឋ និងឯកជនដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះកាន់តែធំ និងទូលំទូលាយសម្រាប់ជាតិយើងផងដែរ៕
ដោយ៖ សហការី