ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្រ្តទំនប់៧មករា ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេស និងមន្ទីរជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ជាពិសេសតំបន់ទំនប់ ៧មករា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមជម្រាបជូនដំណឹងផងដែរថា បន្ទាប់ពីធ្វើការតាម ដានធាតុអាកាសរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្ពាធទាបនៅជិតវៀតណាម (ក្នុងសមុទ្រខាងកើតវៀតណាម) បានបម្លែងខ្លួនទៅជាព្យុះត្រូពិកទី ១៦ ដែលមានឈ្មោះថា សានបា(Sanba) លក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅស្ទើរទូទាំងប្រទេសជាពិសេសនៅតំបន់ទំនាបកណ្តាល ភាគត្បូង ភាគខាងលិច និងភាគនិរតី។ 

កត្តានេះនឹងបណ្តាលឱ្យអាងស្ទឹងព្រែកត្នោតទទួលទឹកភ្លៀងសរុបប្រហែល ២០ ទៅ ៧០ មីលីម៉ែត្របន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈពេលបច្ចុប្បន្ននេះទឹកហូរលើសំណង់បង្ហៀរទំនប់៧មករាមានកម្ពស់ ១,១២ម៉ែត្រ ដែលអាចបង្កឱ្យមានជាជំនន់ទឹកស្ទឹងព្រែកត្នោត (ករណីភ្លៀងបន្តជាប់ៗគ្នា)។

ដូចនេះក្រសួងធនធានទឹក និងឧតុនិយមសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និង ឧតុនិយមជាមួយអាជ្ញាធរដែនដីត្រូវមានការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ៖ សូរិយា


ចែករំលែក៖