ការដឹកនាំរបស់លោក Erik ten Hag នៅក្នុងក្រុមបិសាចក្រហម Manchester United អាចនឹងបញ្ចប់នៅក្នុងរដូវកាល២០២៣-២០២៤នេះ ដោយសារការដឹកនាំរបស់លោកក្នុងដើមរដូវកាលហាក់មិនបានទទួលលទ្ធផលល្អ ធ្វើឲ្យក្រុមរងការបរាជ័យច្រើនជាងឈ្នះ។
នៅក្នុងការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ចំនួន៨លើក ក្រុមបិសាចក្រហមឈ្នះ៤ និងចាញ់៤ ទទួលបានលទ្ធផលមិនល្អក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Erik ten Hag។ រីឯការប្រកួត UEFA Champions League ក្នុងរដូវកាលនេះ ២ប្រកួតគឺប៉ះ Bayern Munich និងប៉ះ Galatasaray រងការបរាជ័យដូចគ្នា។
បច្ចុប្បន្នកីឡាកររបស់ក្រុមបិសាចក្រហមមានរបួសច្រើន ព្រមតាំងកីឡាករសំខាន់ៗដូចជា Antony និង Jadon Sancho សុទ្ធសឹងតែមានបញ្ហាជាមួយនឹងក្រុម ក៏ដូចជាបញ្ហាផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ក្រុម។ ស្របពេលដែលលទ្ធផលរបស់ក្រុមមិនទាន់ឃើញមានភាពល្អប្រសើរឡើងខ្លាំងបែបនេះ កៅអីរបស់គ្រូបង្វឹកខាងលើកាន់តែក្តៅដែលអាចនឹងបាត់បង់នៅពេលខាងមុខ។ មានបេក្ខភាពគ្រូបង្វឹក៥រូបដែលអាចនឹងមកជំនួសតំណែងរបស់លោក Erik ten Hag ប្រសិនបើរូបគាត់ចាកចេញនៅរដូវកាលនេះ។
គ្រូបង្វឹកទាំង៥រូបនេះមានដូចជា៖
១–លោក Zinedine Zidane ៖ អតីតកីឡាករក្រុមជម្រើសជាតិបារាំង ធ្លាប់បានបង្ហាញសមត្ថភាពខ្ពស់របស់លោកដឹកនាំក្រុម Real Madrid ហើយបានជួយក្រុមយក្សអេស្ប៉ាញមួយឈ្នះជើងឯក Champions League ៣សម័យកាល។ មកដល់ពេលនេះលោក Zidane មិនទាន់មានក្រុមសម្រាប់ដឹកនាំឡើយ ខណៈក្រុមដែលលោកអាចនឹងដឹកនាំក្នុងនាមជាគ្រូបង្វឹកសារជាថ្មីគឺតម្រូវទៅលើក្រុមខ្លាំងៗ លើពិភពលោកដូចគ្នាដែរ។
២–លោក Roberto De Zerbi ៖ គ្រូបង្វឹករូបនេះអាចជាជម្រើសដ៏ស័ក្តសមមួយរូបសម្រាប់ជំនួសលោក Erik ten Hag នៅ Manchester United ដោយសារតែសមិទ្ធផលល្អៗរបស់លោកធ្លាប់បានដឹកនាំក្រុម Brighton & Hove Albion កាលពីឆ្នាំ២០២២ ដោយបានជួយ Brighton ប្រកួតនៅក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង Europa League ជាមួយនឹងទម្រង់លេងដ៏ល្អ ដែលធ្វើឱ្យក្រុមដទៃមានភាពលំបាកក្នុងការប្រជែងទល់នឹងក្រុមនេះ។បច្ចុប្បន្នក្រុម Brighton កាន់តែមានទម្រង់លេងខ្លាំងក្រោយពេលលោក De Zerbi ចូលដឹកនាំ បន្ទាប់ពីក្លិបបានបណ្តេញលោក Graham Potter ចេញហើយជួយក្រុមបន្តប្រជែងដណ្តើមកៅអីពានរង្វាន់អឺរ៉ុប។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងក្លាយជាជម្រើសមួយដែរក្នុងក្រសែភ្នែកថ្នាក់ដឹកនាំក្លិបបិសាចបិសាចក្រហមដើម្បីជំនួបលោក Erik ten Hag។
៣–លោក Julian Nagelsmann ៖ គ្រូបង្វឹករូបនេះគឺជាអតីតគ្រូបង្វឹកក្រុមBayern Munich ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ការប្រកួតពានរង្វាន់ Euro 2024 ជាតំណែងដ៏ខ្លីមួយតែប៉ុណ្ណោះ។ លោក Nagelsmann បានធ្វើយ៉ាងល្អនៅក្នុងក្រុម Bayern Munich សម្រាប់ការប្រកួតប្រជែងនៅក្នុងពានរង្វាន់ Champions League ផងដែរ។ ការដឹកនាំរបស់លោកក្នុងក្រុមយក្សអាល្លឺម៉ង់ក៏ត្រូវបានគេទទួលស្គាល់ផងដែរ តាំងពីពេលលោកបានដឹកនាំក្រុម RB Leipzig មកម្ល៉េះ ចំពោះការទិញដូរ និងដឹកនាំកីឡាករមានសមត្ថភាព។
៤–លោក Arne Slot ៖ មានសេចក្តីរាយការណ៍ថា ក្រុម Man United អាចផ្លាស់ប្តូរលោក Arne Slot ដែលកំពុងដឹកនាំក្លិប Feyenoord សម្រាប់តំណែងដឹកនាំក្រុម ប្រសិនបើពួកគេពិតជាសម្រេចចិត្តបណ្តេញលោក Ten Hag។ លោក Slot ជាគ្រូបង្វឹកមួយរូប ដែលតែងតែបង្កើតនូវកីឡាករល្អៗទៅតាមសមត្ថភាព ទៅតាមធនធាន ដែលក្លិបបានកំណត់ផ្តល់ជូន។ គ្រូបង្វឹករូបនេះត្រូវបានលោក Pep Guardiola សរសើរចំពោះទម្រង់នៃការដឹកនាំក្រុមប្រយុទ្ធដ៏ល្អ ហើយលោកបានដឹកនាំក្រុម Feyenoord ឈ្នះជើងឯកហុល្លង់ Eredivisie ផងដែរ។
៥–លោក Graham Potter ៖ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះមានភាពល្បីល្បាញអំឡុងពេលលោកបានដឹកនាំក្រុម Brighton & hove Albion ធ្វើបានល្អខ្លាំងនៅដើមរដូវកាល២០២២-២០២៣ មុនពេលលោកផ្លាស់ទៅកាន់ក្រុម Chelsea។ ពេលទៅដឹកនាំ Chelsea គ្រូបង្វឹករូបនេះក៏ហាក់ធ្វើមិនបានល្អ ក្រោយពេលដែលក្រុមតោខៀវ បានផ្លាស់ប្តូរនៃថ្នាក់ដឹកនាំនាពេលចុងក្រោយមកនេះ។ មកទល់នឹងពេលនេះលោកមិនទាន់មានក្លិបណាដឹកនាំនៅឡើយទេក្រោយពីចប់តំណែងនៅ Chelsea ៕
(រូបភាព ៖ BBC Sport/The Sun)