ព័ត៌មានទាន់ហេតុការណ៍៖

បើឃើញសាច់សត្វបង្កកលក់សូមប្រញាប់រាយការណ៍ទៅក្រសួងកសិកម្មឬអាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការរិះគន់អំពីការនាំចូលសាច់បង្កកដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ ក៏ដូចជា អ្នកចិញ្ចឹមជ្រូកបង្ហោះសារពាក់ព័ន្ធ​ករណី​នាំចូលសាច់បង្កក ជាពិសេសសាច់ជ្រូកបង្កកខុសច្បាប់​មកពីក្រៅប្រទេស ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាន​អំពាវនាវឲ្យពលរដ្ឋ​និងអ្នកពាក់ព័ន្ធនានាសូមប្រញាប់រាយការណ៍ ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ចឲ្យចុះបង្រ្កាប ករណី​ឃើញការនាំចូល ចែកចាយលក់សាច់សត្វបង្កកខុសច្បាប់ ​នៅតាមទីផ្សារកម្ពុជា។

សមាគមអ្នកចិញ្ចឹមជ្រូករអ៊ូរទាំថា ដោយសារមាននាំចូលសាច់បង្កក ទើបជាហេតុនាំឲ្យតម្លៃសាច់ជ្រូកក្នុងស្រុកចុះថោក។ គេថា ការនាំសាច់បង្កកចូលក្នុងប្រទេស នៅ តែមានជាហូរហែហើយជាពិសេស សាច់បង្កកដែលគ្មានគុណភាពទាំងនេះត្រូវបាននាំចូលមកក្នុងប្រទេសតាមច្រកព្រំដែនប្រទេសជិតខាង។ បញ្ហានេះបានកើតឡើងយូរមកហើយ ហើយមកដល់ពេលនេះ នៅតែជាកង្វល់សម្រាប់អ្នកចិញ្ចឹមសត្វក្នុងស្រុក។

លោកស្រី អុឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្លែងនៅថ្ងៃទី១៩ខែតុលានេះថា ជាក់ស្តែងកម្ពុជា​យើងគឺបានប្រកាសមិនឲ្យនាំចូលសាច់​ជ្រូកបង្កក​និងសាច់សត្វបង្កកនានាទៀត តាំងពីយូរមកហើយ ​យកមកលក់តាមទីផ្សារនោះទេ បើពលរដ្ឋនិងភាគីពាក់ព័ន្ធណាបានឃើញ​មានការនាំចូលចែកចាយលក់សាច់ជ្រូកបង្កក សាច់សត្វបង្កក​ខុសច្បាប់ គឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ចដែល​នៅជិតខ្លួន ដើម្បី​ឲ្យចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទេថ្លែងថា ​ជាក់ស្តែងការងារបច្ចុប្បន្ន ​មន្ត្រីអនុវត្តច្បាប់ របស់ក្រសួងកសិកម្ម ​តែងតែធ្វើកិច្ច សហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួត ប្រជែង និងបង្ក្រាប​ការក្លែងបន្លំហៅកាត់ថា ក.ប.ប និងមន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ បង្ក្រាបការនាំចូលនិងការចែកចាយលក់សាច់ជ្រូកបង្កក និងសាច់សត្វបង្កក​ខុសច្បាប់នានាទៀត នៅតាមទីផ្សាររៀងរាល់ថ្ងៃ ​ខណៈការងារនេះ ក្រសួងកសិកម្ម តែម្នាក់ ឯង មិនអាចទប់ស្កាត់អស់នោះទេ។

លោកអគ្គនាយកបានឲ្យដឹងដែរថា ​បច្ចុប្បន្នយើងមានតម្រូវការនាំចូលសាច់ជ្រូក សាច់សត្វស្រស់ពី​ក្រៅ ប្រទេសមានចំនួនតិចតួចបំផុត ​ដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុក ​ខណៈសាច់សត្វក្នុងស្រុក គឺយើង​មានលទ្ធផលផលិតផ្គត់ផ្គង់​បានគ្រប់គ្រាន់ ហើយសម្រា​ប់សាច់ជ្រូកវិញគឺមិន​មានការនាំចូលតាំង​ពីចុងឆ្នាំ២០២១មកម្លេះ។

បើតាមមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត របស់ក្រសួងកសិកម្ម ការចុះបង្ក្រាបសាច់ជ្រូក​បង្កក​ខុសច្បាប់គឺចុះធ្វើរៀង រាល់ថ្ងៃ ​តែទោះយ៉ាងណា ក៏ស្នើសុំមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ​សូមពង្រឹងការទប់ស្កាត់​ បង្ក្រាបកុំឲ្យមានការនាំចូល ហើយក៏ត្រូវពិនិត្យគុណភាព​សាច់បង្កកនោះឲ្យបានត្រឹមត្រូវ បើទោះសាច់បង្កក​នោះ​មាន​ការផ្តល់​ច្បាប់​អនុញ្ញាតនាំចូលតាម​សំណើរសុំរបស់ក្រុមហ៊ុនឯកជនក៏ដោយ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖