ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តតាកែវហៅជាងជួសជុលទូរស័ព្វម្នាក់មកអប់រំណែនាំក្រោយបង្ហោះពត៌មានមិនពិតថាមានករណីចាប់ក្មេង«វះយកក្រលៀន»

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តតាកែវបានឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា បានធ្វើការកោះហៅយុវជនម្នាក់ជាជាងជួសជុលទូរស័ព្វដៃយកមកអប់រំណែនាំបន្ទាប់ពីរូបគេបានធ្វើការបង្ហោះពត៌មានមិនពិតតាមបណ្ដាញសង្គមFacebook ថា ក្នុងខេត្តតាកែវមានការចាប់ក្មេងវះយកក្រលៀន។

បើយោងតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការនឹងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងប្រាប់អោយដឹងថា ក្រោយពីមានការបង្ហោះFacebook ឈ្មោះ Keto Touch ថាមានករណីចាប់ក្មេងវះយកក្រលៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានស្វែងរកឃើញថាមានករណីចាប់ក្មេងយកក្រលៀនដូចការបង្ហោះរបស់យុវជនខាងលើនោះទេ។

បើតាមលោកឧត្តមសេនីយ៍ សៅ សារុន ក្រោយស្រាវជ្រាវរបស់សមត្ថកិច្ចនិងបានរកឃើញថាការបង្ហោះនេះជាពត៌មានមិនពិត សមត្ថកិច្ចក៏បានកោះហៅយុវជនខាងលើមកសួរនាំ ដោយរូបគេបានឆ្លើយសារភាពថា ការបង្ហោះនេះគឺតាមរយៈលឺគេនិយាយតៗគ្នាប៉ុណ្ណោះ ហើយយុវជនខាងលើក៏បានធ្វើការសុំទោស និងសារភាពកំហុស ដោយបានសន្យាថានឹងមិនបង្ហោះពត៌មានមិនពិតបែបនេះតទៅទៀតនោះទេ ហើយរូបគេក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំនៅអ្វីដែលគេបានផុសកន្លងមកគឺជាពត៌មានមិនពិតនោះទេ។

  បើតាមលោកស្នងការរង ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំណែនាំរួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យយុវជនខាងលើត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖