ខេត្តស្វាយរៀង៖ បុរសជាប្ដីមានវិបត្តិក្នុងគ្រួសារយកសោដែក (ម៉ាឡេត) វាយលើប្រពន្ធរួចរត់ទៅចងកស្លាប់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅស្រុកស្វាយជ្រុំ។
យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំុបានអោយដឹងនារសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥នេះថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ខែមេសាឆ្នាំ ២០២៥នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ។
លោកបន្តថា ជនសង្ស័យមានឈ្មោះ ប្រែង ផល្លា អាយុ ៥៦ឆ្នាំ និងប្រពន្ធរងគ្រោះមានឈ្មោះនូ សុជាតិ អាយុ ៤៣ឆ្នាំ មុខរបរលក់គុយទាវ រស់ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ។
ដោយស្ត្រីរងគ្រោះជាប្រពន្ធបានរងរបួសផុងលលាដ៍ ស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានរត់គេចខ្លួននិងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងតាមក្រោយនៅព្រៃចម្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រ។
តាមអ្នកភូមិបានអោយដឹងថា ២នាក់ប្ដីប្រពន្ធតែងតែមានជម្លោះពាក្យសម្តីគ្នាជាប្រចាំ ហើយនៅថ្ងៃកើតហេតុក៏មានជម្លោះជាមួយគ្នាម្ដងទៀត។ក្រោយមកក៏ស្ងាត់មាត់រួចក៏ឃើញបុរសសង្ស័យជាប្ដីបានចេញពីក្នុងផ្ទះនិងបានចាក់សោទ្វារខាងក្រៅចេញទៅបាត់។
ប្រភពបន្តថា ក្រោយមកមានការភ្ញាក់ផ្អើលដល់អ្នកភូមិថាឃើញបុរសជាប្ដីបានធ្វើអត្តឃាតដោយរត់ទៅចងកក្នុងព្រៃចម្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រស្លាប់បាត់ទៅហើយ។
លោកអធិការបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម រូបលោកបានដឹកនាំកម្លាំងជំនាញស្រុកនិងសមត្ថកិច្ចប៉ុស្ត៏រដ្ឋបាលក្រោលគោចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
សមត្ថកិច្ចបានដកហូតវត្ថុតាង សោដែក (ម៉ាឡេត) ០១ដើមនៅកន្លែងកើតហេតុ។
លុះនៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពទាំង០២នាក់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន