ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយ! ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទនិងលុយ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទនិងលុយ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនបាន​ហេីយ​ និងកំពុង​សាកសួរ​រកបក្ខពួកដែលរត់គេចខ្លួនយកមកដាក់ទោសតាមច្បាប់។ 

សូមជម្រាបថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទនិងលុយ​ កាលពីយប់​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី នៅចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យឈ្មោះ អេង ណាវីន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាក Iphnoe11 ពណ៌ស្វាយ និងលុយចំនួន១ម៉ឺនរៀល។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖