ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចុះក្នុងរណ្តៅមាសប៉ះចំជាតិពុលបណ្ដាលឱ្យស្លាប់ដោយអ្នកភូមិមិនអាចជួយទាន់ពេល

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កាលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣បុរសម្នាក់បានស្លាប់នៅពេលតោងខ្សែពួរយកញញួរដែកនិងធុងមួយចុះទៅក្នុងរណ្តៅរ៉ែមាសដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម ដែលករណីនេះកើតនៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

តាមរបាយការណ៍ អធិការដ្ឋាននគបាលស្រុករវៀង បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានខាងលើ លោក ហោ ប៊ុនហួរ អភិបាលស្រុកនិងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម សំលេង បានដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ ដោយមានការ ចូលរួមសហការជាមួយកំលាំងព្រហ្មទណ្ឌស្រុក បានចុះទៅដល់ទីតាំងកើតហេតុ ដោយមានការសហការពីអាជ្ញាធរភូមិ,ឃុំ និងមន្រ្តីពេទ្យមណ្ឌលសុខភាពភ្នំដែក បានពិនិត្យសាកសព ជនរងគ្រោះ ឃើញមានស្នាកបែករយះ ១កន្លែង,ជុងត្រូវនឹងវត្ថុរឹងជម្រៅ១,៥សម.ដៃទាំង ពីរក្តាប់អង្គុញ ជុំវិញដងខ្លួនពុំមានស្នាមអ្វីទាំងអស់។

សាក្សីម្នាក់ឈ្មោះ យន់ ដារ៉ា ហៅចិន បាននិយាយរៀប រាប់ថា នៅវេលាទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ចេន ភក្ដី ហៅភ័ក្រ ដែលមានអាយុ៣៦ឆ្នាំបានបបួលខ្លួនចុះទៅរករ៉ែមាស ក្នុងរណ្តៅមួយដែលឪពុក ខ្លួនទុកចោលជាយូរមកហើយ។ នៅពេលនោះឈ្មោះ ភ័ក្រ ជាអ្នកចុះហើយខ្លួនជាអ្នកនៅលើគោកក្បែរមាត់រណ្ដៅ។ ពេលចុះទៅបានមួយសន្ទុះជាមួយនឹងសម្ភារះមួយចំនួនភ្ជាប់ទៅនឹងខ្លួនដើម្បីស្វែងរករ៉ែមាស ក៏ឮសំឡេងស្រែកពីក្នុងរណ្ដៅអោយអ្នកនៅខាងលើជួយផងគាត់ពុលហើយ។

សាក្សីរូបនេះបានបន្ថែមថា ភ្លាមនោះអ្នកនៅខាងលើក៏ បានចុះទៅជួយដែរ ប៉ុន្តែអ្នកដែលចុះទៅមុនបានរបូតដៃធ្លាក់ចុះទៅខាងក្រោមបាត់។ ភ្លាមៗនោះអ្នកចុះទៅជួយក៏បានឡើងមកលើគោកវិញហើយបានទូរសព្ទទៅប្រាប់បងប្អូនក្នុងភូមិដើម្បីមកជួយ ប៉ុន្តែការជួយសង្គ្រោះអ្នកដែលធ្លាក់ចុះទៅក្នុងរណ្ដៅរ៉ែមាស មិនអាចជួយបានទេព្រោះមានទឹកជ្រៅ ហើយប្រជាពលរដ្ឋនាំគ្នារកម៉ូទ័របូម ទឹកចេញពីរណ្ដៅរ៉ែមាសអស់រយៈពេលជាច្រើនម៉ោងបានរីងទឹក។ 

បងប្អូនប្រជាពលរដ្ឋនាំគ្នាចុះទៅរកសពឃើញហើយក៏នាំគ្នាយកសពមកខាងលើ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញពិនិត្យជាក់ស្ដែង ហើយក៏បានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖