ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖​ ក្រុមហ៊ុនផលិត​កង់ដ៏ធំនៅ​​ចិន ចង់​ពង្រីក​រោងចក្រ​​ផលិត​កង់​នៅ​ក្រុង​បាវិត​​ ដ៏ធំដូចគ្នា

ចែករំលែក៖

ប្រទេសចិន៖​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចដល់ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei នៅទីក្រុង Shenzhen នៅថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៣នេះ ដើម្បី​បង្ហាញជូនឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ដំណើរទស្សនកិច្ចថែទាំវិនិយោគដោយផ្ទាល់ជាលើកដំបូង (Investment Aftercare) ដល់ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei គឺជាបេសកកម្មលើកទី១ របស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនីតិកាលទី៧ ដើម្បីបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនក្រៅប្រទេសដែលបានចូលមកវិនិយោគនៅកម្ពុជា តាមរយៈការចុះសួរសុខទុក្ខវិនិយោគិនដោយផ្ទាល់ និងជម្រាបជូនអំពីឱកាសវិនិយោគថ្មីៗនៅកម្ពុជាដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១៤០០ នាក់រួចមកហើយ។

លោក ស៊ុន ចាន់ថុល ក៏បាន​ផ្តួចផ្តើមគំនិតឱ្យមាន​រៀបចំការជិះកង់របស់ក្រុមហ៊ុនផ្ទាល់ (XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖ ១).ផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា ២).ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ៣).ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និង៤).រៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ។

ដោយឡែក​នៅ​ចំពោះមុខ​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ XDS Bicycle ក៏​បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការពង្រីក​​សង្វាក់ផលិតកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន​ផលិតកង់ដ៏​ធំ​របស់​ចិន​នេះ ក៏​បានបង្ហាញអំពីចក្ខុវិស័យក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិតឱ្យមានទំហំធំដូចរោងចក្រក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ។

ជាមួយគ្នានេះ​ លោក​ឧបនាយករដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ ក៏​បាន​ទៅ​ទស្សនកិច្ច​ទីស្នាក់ការ​ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen​។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Huawei បាន​ធ្វើ​បទបង្ហាញអំពីនវានុវត្តឌីជីថលថ្មីៗរួមមាន ប្រព័ន្ធរដ្ឋបាលឌីជីថល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធកំពង់ផែឌីជីថល ប្រព័ន្ធអាកាសយានដ្ឋានឆ្លាតវៃ ទីក្រុងឌីជីថល ប្រព័ន្ធគ្រប់គ្រងថាមពល​ឌីជីថល ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធទំនើបផ្សេងៗទៀតដល់គណៈប្រតិភូកម្ពុជា។ ក្រុមហ៊ុនក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមកក្នុងការចូលរួមក្នុងធ្វើឌីជីថលូបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចក្រុមហ៊ុន​ទាំងពីរ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយនិងចក្ខុវិស័យសេដ្ឋកិច្ច​និងសង្គមឌីជីថល ដែល​កំពុង​ទទួលបាន​ការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈការលើកទឹកចិត្តដល់វិនិយោគិនធ្វើការវិនិយោគលើវិស័យនេះក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖ សហការី​


ចែករំលែក៖