ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៩ខែឆ្នាំនេះ! ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ប៉ះពាល់ពលរដ្ឋជិត៣០ម៉ឺនគ្រួសារ ដំណាំស្រូវ និងដំណាំផ្សេងៗជាង១១ម៉ឺនហិកតានៅតាមបណ្ដារាជធានី-ខេត្តចំនួន២០

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បានបញ្ជាក់ថា៖​ គិតត្រឹម​រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដំណាំស្រូវ និងដំណាំផ្សេងៗជាង១១ហិកតានៅតាមរាជធានី-ខេត្តចំនួន២០។

តាមរបាយការណ៍បង្ហាញនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍», លោក គីម វីរៈ បានឱ្យដឹងថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ២,០២៩គ្រួសារ និងមានប្រជាពលរដ្ឋរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី៤) រងរបួស ៦នាក់ រីឯសាលារៀនលិចទឹក ៨៦កន្លែង។

លោក គីម វីរៈ​ បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៩ខែ ឥទ្ធិពលអាកាសធាតុអែលនីណូកម្រិតខ្ពស់ បានធ្វើឱ្យដំណាំកសិកម្មទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់។ មូលដ្ឋានរាជធានី-ខេត្តចំនួន១១ បានទទួលរងផលប៉ះពាល់ ជាពិសេសលើដំណាំស្រូវចំនួន ៨៦,០៧១ហិកតា ខូចខាត ៣,៤៧៦ហិកតា និងដំណាំផ្សេងទៀតប៉ះពាល់ចំនួន ២៥,៤០៩ហិកតា ខូចខាត ១៥,២៩០ហិកតា។

លោក គីម វីរៈ បន្តថា ស្ថានភាពខ្យល់កន្រ្តាក់នៅតែបន្តកើតមានក្នុងកម្រិតមធ្យមដែលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ។ ខ្យល់កន្រ្តាក់កើតមានចំនួន ២៦៣លើក ក្នុងក្របខណ្ឌទូទាំង ប្រទេសបណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ១,៩៥៦ខ្នង របើកដំបូល និងខូចមធ្យម ១២,៦៦៤ខ្នង ប្រជាជនរងគ្រោះស្លាប់ ៩នាក់ និងរបួស ១៦៩នាក់ របើកដំបូលសាលារៀន ៩១អគារ។

ស្ថានភាពគ្រោះធម្មជាតិរយៈពេល៩ខែ ឆ្នាំ២០២៣នេះ បង្កឱ្យមានគ្រោះមហន្តរាយដោយរន្ទះ កើតមានចំនួន ១២៥លើក នៅមូលដ្ឋានរាជធានី-ខេត្ត ចំនួន២១ ដែលបណ្តាលឱ្យស្លាប់ ៧៣នាក់ (ស្រ្តី ៩ ក្មេង ៧) របួស ៥៥នាក់ ងាប់គោ ក្របី ៩៣ក្បាល និងខូចខាតផ្ទះ ១២ខ្នង។

បន្ថែមពីនេះ បាក់ស្រុតច្រាំងទន្លេ ស្ទឹង កើតមានចំនួន ២៧ករណី នៅរាជធានី ខេត្ត ចំនួន ៨, ផ្ទះខូចខាតនិងបាក់ស្រុតចូលក្នុងទឹក ៣១ខ្នង ផ្ទះរំកិលនិងរុះរើចេញចំនួន ១៧៥ខ្នង។

ដោយឡែកស្ថានភាពជំងឺគ្រុនឈាម ដោយសារឆ្នាំនេះជាវដ្តនៃជំងឺគ្រុនឈាមដែលបណ្តាលឱ្យស្ថានភាពនៃជំងឺមានការកើនឡើង ២ដង ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះរយៈពេល ៩ខែ ឆ្នាំ២០២៣នេះជំងឺគ្រុនឈាមបានកើតមានចំនួន ១៩,០០០ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបណ្តាលឱ្យស្លាប់ចំនួន ៣៤នាក់។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា អគ្គីភ័យបានកើតមានចំនួន ៤៧២ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលក្នុងនោះឆេះផ្ទះ ៥២៤ខ្នង-ល្វែង តូបលក់ដូរ ៧៩តូប រោងចក្រ និងរោងសិប្បកម្ម ៩កន្លែង។ ឆេះខូចខាតចំការកៅស៊ូ តាងែន ស្វាយចន្ទីរ និងអាកាស្យា ៥៧ហិកតា។

ឧបទ្ទវហេតុផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវកើតមានចំនួន ២,៣៨២លើក ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានសម្លាប់មនុស្សចំនួន ១,១៣២នាក់ និងរបួសធ្ងន់ ស្រាល ចំនួន ៣,២១១នាក់។

ឧបទ្ទវហេតុផ្លូវទឹក បានកើតមានចំនួន ៩ករណី លិចទូកនេសាទសមុទ្រ ២គ្រឿង ការណូតដឹកអ្នកទេសចរណ៍ ១គ្រឿង សាឡង់ដឹកខ្សាច់ ១គ្រឿង លិចទូកម៉ាស៊ីននៅទន្លេមេគង្គ និងទន្លេសាប ៤គ្រឿង និងបានសម្លាប់មនុស្សចំនួន ៨នាក់ (ស្រ្តី ៣ ក្មេង ៥) និងជួយសង្រ្គោះ ៣៣នាក់៕

ដោយ​៖ សហការី​


ចែករំលែក៖