ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត គាំទ្រ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

ចែករំលែក៖

អារ៉ាប៊ីសាអូឌីត​៖​ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម នាយកប្រតិបត្តិមូលនិធិ បានសម្តែងនូវការអបអរសាទជូនចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីបំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញឱ្យមានកំណើនប្រកបដោយចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរគុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងផងដែរ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម ។

ជារួម សម្តេចធិបតី និង ឯកឧត្តមនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយ សម្តេចធិបតី បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការនេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕

ដោយ៖ សហការី​


ចែករំលែក៖