ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក មូហ្វី (W.Patrick Murphy) នៅក្នុងកិច្ចជំនួបពិភាក្សាកាងារជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញនូវក្តីសង្ឈឹមថា ក្រសួងការពារជាតិកម្ពុជា និងអាមេរិក នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នា ដើម្បីសន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោក។
នៅក្នុងកិច្ចជំនួបនេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះប្រមុខការពារជាតិកម្ពុជា ដែលបានអនុញាត្តឲ្យលោកបានចូលជួបសំដែងការគួរសម ដើម្បីបន្តពង្រឹងពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការរឹតចំណងសាមគ្គីភាព មិត្តភាពឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ហើយមួយវិញទៀតលោកឯកអគ្គរដ្ឋទូតសង្ឃឹមថា «ក្រសួងការពារជាតិ នៃប្រទេសទាំង២ អាមេរិក-កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីចូលរួមថែរក្សា សុខ សន្តិភាព នៅក្នុងតំបន់ និង នៅលើសកលលោក» ។
ក្នុងជំនួបនោះដែរ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងកំឡុងពេលបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ បានកំពុងបំពេញបេសកកម្មការទូតបានយ៉ាងល្អ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏មានជំនឿយ៉ាងមុតមាំផងដែរថា តាមរយៈនៃបេសកកម្មកាទូត របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានាពេលនេះនឹងនាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែទូលំទូលាយ ជិតស្និទ្ធ និងស៊ីជម្រៅថែមទៀតព្រមទាំងបានពង្រឹង សាមគ្គីភាព និងមិត្តភាពយូរអង្វែងផងដែរ៕
ដោយ៖ សហការី