ព័ត៌មានទាន់ហេតុការណ៍៖

អង្គការELIE និងម្ចាស់រៀបចំពិធីបញ្ចុះសពសត្វដំរី សំបូរ ដើម្បីឧទ្ទិសកុសល្យជូនតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ អង្គការE.L.I.E ក្រោមគម្រោង Elephant Valley Project រួមនិងម្ចាស់សត្វដំរីសំបូរ ផ្ទាល់បានរៀបចំពិធីបញ្ចុះសពសត្វដំរីញីដ៏ចំណាស់មួយក្បាលនេះ ដោយក្នុងពិធីបញ្ចុះមានការរៀបចំធ្វើបុណ្យឧទ្ទិសកុសល្យជូនសំបូរតាមបែបប្រពៃណីខ្មែរផង និងបែបជនជាតិដើមភាគតិចព្នងផង។  ការធ្វើបុណ្យទាំងពីរជំនឿសាសនាបែបនេះក៏ព្រោះតែសំបូរជាសត្វដំរីខ្មែរកណ្ដាល ប៉ុន្តែជីវិតចុងក្រោយសំបូរមករស់នៅខេត្តមណ្ឌលគិរី ដែលជាតំបន់រស់នៅរបស់បងប្អូនជនជាតិដើមភាគតិចព្នង។

នាយកប្រតិបត្តអង្គការE.L.I.E លោក ឃុន ឌីយ៉ូន បានឲ្យដឹងថា ដំរីសំបូរមានជម្ងឺឈឺជើងតាំងពីនៅភ្នំពេញមកម្ល៉េះ ។ ក្រោយពេលសំបូរត្រូវបានយកមកដល់ខេត្ត មណ្ឌលគិរី ក្រោមគម្រោងថែទាំង Elephant Valley Project អ្នកជំនាញនិងមន្ត្រីអង្គការបានមើលថែព្យាបាលសំបូររហូតមក ដោយដំបៅបាតជើងក៏បានធូរស្រាលច្រើនដែរ ប៉ុន្តែ២ខែចុងក្រោយសំបូរមានជំងឺឈឺធ្មេញរហូតក្លាយដំបៅមាត់មិនអាចស៊ីចំណីអ្វីបាន ហើយមន្ត្រីអង្គការក៏បានបញ្ចុកបាយឬចំណីផ្សេងៗរៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយព្រោះស្ថានភាពជំងឺធ្ងន់ធ្ងររួមផ្សំទាំងសំបូរមានវ័យចំណាស់ផង សំបូរក៏បានងាប់មិនអាចសង្គ្រោះបាន ។

លោក ឃុន ឌីយ៉ូន បន្តថា ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមកថែទាំនៅជ្រលងភ្នំដំរីក្នុងខេត្ត មណ្ឌលគិរី យ៉ាងសុខសាន្តជាមួយដំរីផ្សេងទៀតសរុបមានចំនួន១២ក្បាល កាលពីឆ្នាំ២០១៤ ដែលគិតរហូតដល់ពេលនេះ មានរយៈពេលជិត៩ឆ្នាំ ។ 

គួររម្លឹកដែរថា សំបូរបានងាប់កាលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ ក្នុងវ័យ៦៣ឆ្នាំ ដោយសារជំងឺឈឺធ្មេញដំបៅមាត់ នៅជ្រលងភ្នំដំរី ស្ថិតក្នុងភូមិពូត្រុំ សង្កាត់រម្យនា នឹងត្រូវបានស្ទូចដឹកតាមរថយន្តមកបញ្ចុះនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ក្នុងបរិវេណដីរបស់ម្ចាស់សត្វដំរីសំបូរផ្ទាល់ ។

តាមការឲ្យដឹងពីមន្ត្រីអង្គការ E.L.I.E សំបូរឬហៅថាដំរីវត្តភ្នំ ជាដំរីស្រុកដែលត្រូវបានម្ចាស់បីបាច់ថែរក្សាតាំងពីតូច ហើយក្នុងរបបប៉ុលពត សំបូរត្រូវបានខ្មែរក្រហមប្រើក្នុងការងារធ្វើស្រែចំការនៅខេត្តកំពង់ស្ពឺ ហើយបន្ទាប់ពីមានសុខសន្តិភាព សំបូរបានក្លាយខ្លួនជាសត្វដំរីល្បី ឈ្មោះ១ក្បាលបម្រើដល់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ។ ក្រោយពេលចូលនិវត្តន៍សត្វដំរីញី១ក្បាលនេះត្រូវបានអង្គការ E.L.I.E យកមកថែរក្សាយ៉ាងសុខសាន្តនិងរីករាយជាមួយគ្នីគ្នាជាសត្វដំរីផ្សេងទៀតនៅជ្រលងភ្នំដំរីខេត្តមណ្ឌលគិរី ៕

ដោយ៖ សូរិយា


ចែករំលែក៖