ភ្នំពេញ ៖ នៅពេលដែលមានការរហែកសំបកទ្រនាប់ឆ្អឹងកង បណ្តាលអោយផ្នែកកណ្តាលនៃទ្រនាប់ឆ្អឹងកង (nucleus) លូនចេញមកសង្កត់ទៅលើសរសៃវិញ្ញាណ (Nerve root)ដែលតភ្ជាប់ពីខួរឆ្អឹងខ្នង បណ្តាលអោយមានការរំខាន និងឈឺចុកចាប់តាមតំបន់ដែលសរសៃវិញ្ញាណនោះគ្រប់គ្រង។
ទ្រនាប់ឆ្អឹងកង (Disc) គឺជាបន្ទះថាសទន់ដែលស្ថិតនៅចន្លោះឆ្អឹងកង(ក ខ្នង និងចង្កេះ) ថាសទន់នេះដើរតួជាអ្នកសំរួលអោយមានការបត់បែនរបស់ឆ្អឹងកង។សរសៃវិញ្ញាណ (Nerve root) តភ្ជាប់ពីខួរឆ្អឹងកង (Spinal cord)ទៅកាន់ សរីរាង្គផ្សេងៗ វាមានតួនាទីទទួលការដឹង និងធ្វើឱ្យមានចលនារបស់សរីរាង្គ។
ជាទូទៅទ្រនាប់ឆ្អឹងកងដែលលៀនចេញតិចទួចមិនបង្កឱ្យមានការឈឺចុកចាប់ទេ។ ការឈឺចាប់កើតឡើងដរាបណា ភ្នាសនៅផ្នែកខាងក្រៅនៃខួរឆ្អឹងកង ឬសរសៃប្រសាទឆ្អឹងខ្នងទទួលរងការសង្កត់ ឬមានការរលាក។
ក) កត្តាហានិភ័យ (Risk factor)៖
កត្តាដែលប្រឈមនឹងជំងឺនេះមានៈ
– អាយុ: ចន្លោះ ៣៥ ទៅ ៤៥ឆ្នាំ ដោយសារតែការវិវត្តន៍ទ្រុឌទ្រោមរបស់ឌីស
– ទម្ងន់: បង្ករឱ្យមានសម្ពាធបន្ថែមទៀតទៅលើឌីស
– ការជក់បារី: បន្ថយកម្រិតអុកស៊ីសែនក្នុងឈាម ដែលបន្ថយសារធាតុចិញ្ចឹមសំខាន់សំរាប់សារពាង្គកាយ និងទ្រនាប់ឆ្អឹងកង
– កម្ពស់: បុរសខ្ពស់ជាង ១៨០ ស.ម និងស្ត្រីខ្ពស់ជាង ១៧០ ស.ម
– ការងារដែលតំរូវអោយធ្វើចលនាច្រំដែលដូចជា អង្គុយ ឈរ ដើរច្រើន។ល។
ខ) រោគសញ្ញា៖
១. ការលានឌីសផ្នែកឆ្អឹងកងកៈ រោគសញ្ញារួមមាន ការឈឺក្រហាយពើតស្ពឹកឬខ្សោយសាច់ដុំនៅម្តុំ ក ស្មា ដើមដៃ កំផួន និងរាលដាលដល់ដៃ ម្រាមដៃ។ល។
២. ការលៀនឌីសផ្នែកឆ្អឹងកងចង្កេះ រោគសញ្ញារួមមានការឈឺពើតក្រហាយស្ពឹកឬខ្សោយសាច់ដុំ នៅចង្កេះរាលដាលមកត្រគាកភ្លៅកំផួនជើង និងចុងជើង។ល។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យបានដោយពឹងផ្អែកទៅលើ
– ការសួរនាំពីសភាពនិងប្រវត្តិជំងឺ
– ការថតកាំរស្មី (X-Ray)
– ការថតស្កែន (CT scan)
– ការថតអ៊ឹមអរអាយ (MRI)
ឃ) ការព្យាបាល៖
– ការសម្រាកអោយបានច្រើន
– ការតមដោយកាត់បន្ថយ ការដើរ ឈរ អង្គុយច្រើន ការតមលើកធ្ងន់
– ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់
– ការចាក់ថ្នាំបញ្ចូលកន្លែងឈឺ
– លំហាត់ប្រាណសមស្រប
– ជាទូទៅរាល់រោគសញ្ញាអាចបាត់ទៅវិញដោយឯកឯង បន្ទាប់ពីការសម្រាក និងធ្វើតាមវិធីព្យាបាលខាងលើក្នុងរយះពេល ៤ ទៅ ៦ សប្តាហ៏
– វេជ្ជបណ្ឌិតនឹងផ្តល់អនុសាសន៍វះកាត់ដល់អ្នកជំងឺចន្លោះពី ១០% ទៅ ២០% ប្រសិនដំណើរការព្យាបាលខាងលើមិនមានប្រសិទ្ធិភាព
ប្រសិនបើលោកអ្នកមានករណីសង្ស័យថាមានជំងឺ ឬកំពុងមានជំងឺនេះ សូមមកទទួលសេវានៃការប្រឹក្សា ជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានទៅរកការព្យាបាលមួយដ៏សមស្រប ប្រកបដោយគុណភាពនិងឆាប់រហ័ស។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត#calmettehospital ៕
ដោយ ៖ សហការី