ភ្នំពេញ ៖ នៅរសៀលនេះ (ថ្ងៃទី២១ តុលា) លោក ចាន់ បូរ៉ាដែត ប្រធានក្រុមការងារផ្សព្វផ្សាយក្រុមទី៧ នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ជូនដល់គណៈគ្រប់គ្រងសាលា សិស្សានុសិស្សប្រមាណ ៦០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បូរី ១០០ ខ្នង ដើម្បីឱ្យស្គាល់ពី អ.ប.ព. និងបញ្ជ្រាបការយល់ដឹងពីទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ សំដៅបំផុសចលនាមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនឱ្យយល់ដឹងពីទិវានេះ។
ក្នុងយុទ្ធនាការនេះ លោកនាយករងវិទ្យាល័យ ហ៊ុន សែន បូរី ១០០ ខ្នងបានសម្តែងនូវភាពរីករាយ ចំពោះក្រុមការងារ អ.ប.ព. ដែលរៀបចំឱ្យមានយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ៩ធ្នូចុះមកដល់សាលាផ្ទាល់ ដែលជាការក្រើនរំលឹកលោកគ្រូ-អ្នកគ្រូ ឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ រស់នៅស្អាតស្អំ និងបញ្ជ្រាបការយល់ដឹងពីទិវានេះ ឱ្យសិស្សានុសិស្សមានវិន័យល្អ ប្រកាន់ផ្នត់គំនិតស្អាតស្អំជាកត្តាជំរុញ និងកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងជាតិដ៏រឹងមាំ នាថ្ងៃអនាគត។
ការចុះទៅផ្សព្វផ្សាយនេះ បានភ្ជាប់ជាមួយនឹងសំណួរសម្រាប់សិស្សឆ្លើយយករង្វាន់ ចម្លើយសិស្សានុសិស្សភាគច្រើនបានឆ្លើយត្រូវសំណួរទាំងអស់ ដែលបញ្ជាក់ថា ពួកគាត់មានការចាប់អារម្មណ៍ ជាមួយនឹងការយល់ដឹងច្រើនពីសំណួរដ៏មានសារសំខាន់ទាំងនេះ។
បន្ទាប់មកក្រុមការងារ អ.ប.ព. បានបិទ Poster ពីយន្តការដាក់ពាក្យប្តឹងមក អ.ប.ព.។ កម្មវិធីចុងក្រោយ ក្រុមការងារ អ.ប.ព. ក៏បានជូនវត្ថុអនុស្សាវរីយ៍ជាក្រមាដែលមានរូបសញ្ញារបស់ ACU សៀវភៅសរសេររបស់ អ.ប.ព. និងប្រគល់សៀវភៅច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ (ACL) ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូផងដែរ។
ជយោ! ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ! ៕
ដោយ ៖ សហការី