ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានដឹកនាំកិច្ចប្រជុំក្រុមការងារដែលជាមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូសន្និសីទ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារដែលជាមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូសន្និសីទ ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងគោលបំណងពិនិត្យស្ថានភាព និងផ្សព្វផ្សាយការបណ្តុះបណ្តាលអំពីការបង្ការការចម្លង និងព្យាបាលជំងឺភ្នែកក្រហម។ 

ក្នុងឱកាសនោះដែរ លោកស្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទូទាំងប្រទេស ស្របតាមអនុសាសន៍ឯកឧត្តមសាស្ត្រារ្យរដ្ឋមន្ត្រី បន្តខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន អំពីការព្យាបាល និងបង្ការការចម្លងនៃជំងឺភ្នែកក្រហម ដើម្បីទប់ស្កាត់ការរីករាលទ្រង់ទ្រាយធំ នៅតាមសហគមន៍។ 

លោកស្រីក៏បានណែនាំបន្ថែម ដោយតាមដានស្ថានភាពជំងឺឆ្លងភ្នែកក្រហម ជារៀងរាល់ថ្ងៃ លើកផែនការត្រៀមទប់ស្កាត់ និងធ្វើសកម្មភាពដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរទេសចរណ៍ និងមន្ទីរធម្មការនិងសាសនា ដែលជាអង្គភាពគ្រប់គ្រងការជួបជុំដែលមានមនុស្សច្រើន។ 

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលបន្ថែមអំពីការព្យាបាល និងបង្ការការចម្លងជំងឺភ្នែកក្រហម ដោយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និង លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងគ្រូឧទ្ទេសនាមលោកវេជ្ជបណ្ឌិត យូ ពិសិដ្ឋ៕

ដោយ ៖ សហការី


ចែករំលែក៖