ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២.១០១គ្រួសារទៀត រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា  ដែលមាន  ហ្លួងម៉ែ  នរោត្តម  មុនិនាថ  សីហនុ  ជាព្រះប្រធានកិត្តិយស  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២.១០១គ្រួសារ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព។

ពិធីសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន  លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលធ្វើឡើងនៅទីតាំងចំនួន ២ គឺ ៖ ទីតាំងទី១ នៅវត្តកំពង់ក្តុល សម្រាប់ប្រជាពលរដ្ឋ ១.៥៤៨គ្រួសារ មកពីសង្កាត់សាក់សំពៅ, ព្រៃវែង, គងនយ, ទាន, ក្រាំងពង្រ និងសង្កាត់ស្ពានថ្ម។ ទីតាំងទី២ នៅវត្តព្រែកថ្លឹង សម្រាប់ប្រជាពលរដ្ឋ ៥៥៣គ្រួសារ មកពីសង្កាត់ព្រែកកំពឹស, ជើងឯក, ដង្កោ និងសង្កាត់ព្រៃស។ 

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ និងឯកឧត្តម ឃួង ស្រេង ក៏បាននាំយក  ទេយ្យទានរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តកំពង់ក្តុល  និងវត្តព្រែកថ្លឹង ផងដែរ  ដោយវត្តនីមួយៗប្រគេន  អង្ករ  ១០០គីឡូក្រាម , មី ៤កេស, ត្រីខ ១កេស, ទឹកស៊ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, ទឹកក្រូច ៤កេស , ទឹកសុទ្ធ ៤កេស និងបច្ច័យមួយចំនួន៕

ដោយ ៖ សហការី


ចែករំលែក៖