តំណាងពិសេសរបស់អង្គការ UNICEF ប្រចាំប្រទេសប៉ាឡេស្ទីន Lucia Elmi បានព្រមានថា កុមារមួយលាននាក់នៅក្នុងតំបន់ Gaza ត្រូវការការការពារនិងជំនួយមនុស្សធម៌ជាបន្ទាន់ ដោយសារតែជម្លោះបានបង្កឱ្យមានកង្វះខាតសម្ភារសំខាន់ៗ ដែលធ្វើឲ្យប្រជាជនក្នុងតំបន់ ជាពិសេសកុមារស្ថិតក្នុងសភាពរងទុក្ខធ្ងន់ធ្ងរបំផុត ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Lucia Elmi បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់បច្ចុប្បន្នទៅកាន់តំបន់ Gaza Strip តាមរយៈច្រកព្រំដែន Rafah មិនគ្រប់គ្រាន់ទេ ហើយបានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់ ដើម្បីផ្តល់ជំនួយប្រកបដោយនិរន្តរភាពបន្ថែមទៀតដល់តំបន់ដែលរងផលប៉ះពាល់ជុំវិញ។
កាលពីម្សិលមិញផងដែរ អង្គការចំនួន ៥ រួមមាន អង្គការសុខភាពពិភពលោក (WHO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានចេញសេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថា ស្ថានភាពមនុស្សធម៌នៅហ្គាហ្សាស្ទ្រីបបច្ចុប្បន្ននេះ«ធ្ងន់ធ្ងរខ្លាំងណាស់» ហើយបានអំពាវនាវឱ្យមានជំនួយបន្ថែមទៀតពីសហគមន៍អន្តរជាតិក្នុងបរិបទដែលស្ថានការណ៍កាន់តែអាក្រក់នៅហ្គាហ្សា។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង 1.6 លាននាក់នៅក្នុងតំបន់ហ្គាហ្សាកំពុងត្រូវការជំនួយមនុស្សធម៌។ កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់នៅតែងាយរងគ្រោះបំផុត ខណៈដែលជិតពាក់កណ្តាលនៃប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប គឺជាកុមារ។ អង្គការនានាព្រមានថា “ពេលវេលាកំពុងអស់មុនពេលអត្រាមរណភាពបានកើនឡើងខ្ពស់ដោយសារតែការផ្ទុះឡើង និងកង្វះសមត្ថភាពថែទាំសុខភាព”។
កាលពីម្សិលមិញ ឡានដឹកទំនិញចំនួន 20 គ្រឿងដែលដឹកជំនួយមនុស្សធម៌បានចូលទៅក្នុងហ្គាហ្សាតាមរយៈច្រកព្រំដែន Rafah ដែលជាច្រកឆ្លងកាត់ព្រំដែនតែមួយគត់រវាងហ្គាហ្សា នឹងអេហ្ស៊ីប បន្ទាប់ពីមានការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍៕ ដោយ៖ ធីរីណា
រូបថត៖ Reuters