ជម្លោះរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់ដែលកំពុងបន្តនៅមជ្ឈិមបូព៌ាកំពុងជំរុញឱ្យតម្លៃប្រេងឡើងដល់កម្រិត ១០០ដុល្លារក្នុងមួយបារ៉ែល។
Rossiyskaya Gazeta ប្រចាំថ្ងៃរបស់រុស្ស៊ីបានកត់សម្គាល់ថា តម្លៃប្រេងកំពុងកើនឡើងទោះបីជាប្រតិបត្តិការយោធារហូតមកដល់ពេលនេះមិនមានផលប៉ះពាល់ផ្ទាល់លើទីផ្សារក៏ដោយ។
ក្តីសង្ឃឹមរបស់អាមេរិកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដូចជាការដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អុីរ៉ង់បានហួតហែង។ នេះមានន័យថា ទីផ្សារពិភពលោកនឹងមិនត្រូវបានបំពេញបន្ថែមដោយការផ្គត់ផ្គង់ពីប្រទេសអុិរ៉ង់ទេ ដូច្នេះហើយតម្លៃនឹងបន្តឡើងថ្លៃ។ លើសពីនេះ ហានិភ័យដែលកំពុងកើនឡើងមួយទៀត គឺប្រទេសអារ៉ាប់នឹងគាំទ្រប៉ាឡេស្ទីនផ្នែកសេដ្ឋកិច្ចក្នុងបរិបទនៃការវាយប្រហាររបស់អុីស្រាអែល ដោយហេតុនេះត្រូវកាត់បន្ថយការផ្គត់ផ្គង់ដល់អឺរ៉ុប។
ទន្ទឹមនឹងនោះ ការនាំចូលប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីដោយខុសច្បាប់ទៅកាន់អឺរ៉ុបក៏ដូចជាកម្រិតតម្លៃប្រេងរបស់ប្រទេសនេះ មិនមានប្រសិទ្ធភាពក្នុងស្ថានភាពបច្ចុប្បន្ននោះទេ។ គោលនយោបាយនេះថែមទាំងអាចប៉ះពាល់ដល់ប្រទេសលោកខាងលិចដែលបានផ្តួចផ្តើមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទៀតផង។
លោក Valery Andrianov សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យហិរញ្ញវត្ថុក្រោមរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី និងជាអ្នកជំនាញនៅអង្គការប្រឹក្សា Infotek ជឿជាក់ថា យន្តការពិតានតម្លៃប្រេងរបស់រុស្ស៊ីបានបាត់បង់ប្រសិទ្ធភាព។ ប្រេងរបស់រុស្ស៊ីកំពុងជួញដូរដោយសេរីនូវតម្លៃខាងលើ ខណៈពេលដែលបញ្ហាដឹកជញ្ជូននិងការធានារ៉ាប់រងលើទំនិញត្រូវបានដោះស្រាយជាទូទៅ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញ Andrianov បាននិយាយថា លោកខាងលិចនឹងមិនលុបចោលជាផ្លូវការឬបន្ធូរបន្ថយទណ្ឌកម្មលើឧស្សាហកម្មប្រេងរបស់រុស្ស៊ីឡើយ ដោយមិនគិតពីហេតុផល ទោះបីជាការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាត្រូវបានរំខានក៏ដោយ។ លោកក៏បានកត់សម្គាល់ផងដែរថាលោកខាងលិចនឹងរក្សាជំហរតឹងតែងបែបនេះដើម្បីកុំឱ្យបាត់បង់មុខមាត់។ មន្ត្រីអ៊ឺរ៉ុបទំនងជានឹងបិទភ្នែកមើលលទ្ធភាពនៃការរំលោភលើការហ៊ុមព័ទ្ធ និងពិតានតម្លៃប្រេង ដោយ “មិនអើពើ” ការផ្គត់ផ្គង់ប្រេងដែលមានប្រភពពីរុស្ស៊ីទៅកាន់ទីផ្សារអឺរ៉ុប៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA