ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំ មន្ទីរពេទ្យជាតិតេជោសន្តិភាព នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពន់ដល់មន្ទីរពេទ្យផ្សេងៗផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវសេចក្តីសង្ឃឹមថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដើម្បីកុំឱ្យពិបាកដឹកមកភ្នំពេញ ជាពិសេសករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្តសាសន៍ថា ៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ នឹងពង្រឹងវិស័យសុខាភិបាលឱ្យកាន់ តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូពេទ្យ ពង្រាយបុគ្គលិកពេទ្យដែលមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ទៅដល់គ្រប់មូលដ្ឋានភូមិ ឃុ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ ពលរដ្ឋដែលបានប្រើប្រាស់មូលនិធិសមធម៌កន្លងមក មានជាងដប់បួនលានករណី ដែលបានប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដើម្បីទទួលបានសេវាព្យាបាលនៅតាម គ្រឹះស្ថានសុខាភិបាលនានា ដោយមិនចាំបាច់បង់ប្រាក់ ៕
ដោយ ៖ សហការី