ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា ៖ នៅថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងបន្តកសាងមន្ទីរពេទ្យរដ្ឋខ្នាតធំ នៅតាមតំបន់ក្នុងបណ្តាខេត្តផ្សេងៗទៀតផងដែរ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងបន្តកសាងមន្ទីរពេទ្យរដ្ឋខ្នាតធំដូចនឹង «មន្ទីរពេទ្យជាតិតេជោសន្តិភាព» ដែលទើបនឹងសម្ពោធនៅថ្ងៃនេះ នៅតាមតំបន់ក្នុងបណ្តាខេត្តផ្សេងៗទៀតផងដែរ។

សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» ដែលស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកនេះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតីថ្លែងថា៖ «នៅថ្ងៃមុខ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាគ្រប់ៗរូបនឹងទទួលបានការថែទាំសុខភាពដ៏ល្អប្រសើរ ហើយយើងនឹងមានមន្ទីរពេទ្យខ្នាតធំបែបនេះជាបន្តបន្ទាប់នៅតាមតំបន់សំខាន់ៗទូទាំងព្រះរាជាណាចក្រកម្ពុជា»។

នាយករដ្ឋមន្ត្រីបានណែនាំឱ្យលោកគ្រូអ្នកគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ព្យាបាល និងថែទាំអ្នកជំងឺគ្រប់កម្រិត និងមកពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេសសម្តេចធិបតី ណែនាំឱ្យគ្រប់មណ្ឌលសុខាភិបាល និងមន្ទីរពេទ្យទាំងអស់ពង្រឹងគុណភាពលើការផ្តល់សេវាសុខាភិបាលដល់ប្រជាជនគ្រប់រូបទាំងអស់។

សម្តេចធិបតី ថ្លែងថា៖«យើងត្រូវធានាថា មន្ទីរពេទ្យរដ្ឋគឺជាកន្លែងដែលសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋប្រកបដោយគុណធម៌ មេត្តាធម៌ និងជាទីពឹងដែលគួរឱ្យទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស»។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពអាហារចំណី និងឱសថសម្រាប់ព្យាបាលជំងឺ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធរួមគ្នា ពិនិត្យលើសុវត្ថិភាពអាហារចំណី និងឱសថសម្រាប់ព្យាបាលជំងឺ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជា មានកូនឱ្យបានច្រើនជាងពេលបច្ចុប្បន្ន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺ៕

ដោយ ៖ សហការី


ចែករំលែក៖