ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ ៨ គ្រួសារ ក្នុងស្រុកចន្ទ្រា បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសាគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង (ធ្ងន់ ២ខ្នង មធ្យម ៥ខ្នង តិចតួច ១ខ្នង) នៅឃុំទួលស្តី ស្រុកចន្ទ្រា។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ និងមធ្យម ក្នុង១ គ្រួសារ ទទួលបានអង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ មុង ១ សារុង ១ ភួយ ១ ក្រម៉ា ១ និងថវិកា ៥ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ ថវិកា ២ សែនរៀល ឧបត្ថម្ភដល់អ្នករបួសម្នាក់ថវិកា ២សែនរៀល។ 

សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបាន ថវិកា ៦ ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕

ដោយ ៖ សហការី


ចែករំលែក៖