ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំ មន្រ្តីអនុវត្តច្បាប់ជួរមុខត្រូវសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានធ្វើការណែនាំដល់មន្រ្តីអនុវត្តច្បាប់ជួរមុខត្រូវសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំ។

 នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានមានប្រសាសន៍បែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀនសម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ ។ 

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ លោក ឡាយ គឹមលី អគ្គលេខាធិការរង បានថ្លែងអំណរគុណដល់មិត្តថៃ ដែលបានផ្តល់កិច្ចសហការលើគ្រប់វិស័យការងារត្រួតពិនិត្យគ្រឿងញៀន ជាពិសេសយន្តការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ត្រូវបានពង្រឹង និងលើកកម្ពស់ ដើម្បីបង្ការទប់ស្កាត់ការចរាចរ ជួញដូរ និងប្រើប្រាស់ខុសច្បាប់ យកទៅលួចកែច្នៃផលិតគ្រឿងញៀន។

សូមបញ្ជាក់ថា ៖ ពិធីនេះមានការចូលរួមសិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់បម្រើការងារនៅតាមបណ្តាខេត្តជាប់ព្រំដែន ខេត្តគោលដៅមានក្រុមហ៊ុន រោងចក្រប្រើប្រាស់សារាតុគីមីផ្សំច្រើន អង្គភាពគយ និងរដ្ឋាករកម្ពុជាបណ្តាច្រកទ្វារព្រំដែន កំពង់ផែស្វយ័ត។

លោកថ្លែងថា ការងារទប់ស្កាត់ និងបង្ក្រាបការចរាចរ ការជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា គឺជារឿងលំបាកមួយសម្រាប់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ជាពិសេសមន្រ្តីបម្រើការងារតាមតំបន់ព្រំដែន និងខេត្តជាប់ព្រំដែន ដែលទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីភារកិច្ចដែលអង្គភាពបានកំណត់។

លោកបន្តថា ការនាំចូលសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនក្នុងសកម្មភាពស្របច្បាប់សម្រាប់យកមកប្រើប្រាស់បម្រើដល់វិស័យសំខាន់ៗពាក់ព័ន្ធ រួមមាន៖ វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល ក៏ជាបញ្ហាសំខាន់ចាំបាច់សម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេស មន្រ្តីគយ និងរដ្ឋាករ ដែលបម្រើការងារនៅតាមច្រកទ្វារព្រំដែន និងតាមកំពង់ផែ ត្រូវសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឆ្លងកាត់ច្រកទ្វារព្រំដែន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ ទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅកម្ពុជាយើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ស៊ូផាផាត់ ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណ កោតសសើរ ដល់មន្រ្តីត្រួតពិនិត្យគ្រឿងញៀនកម្ពុជាដែលបានផ្តល់កិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងគោលបំណងរួមគ្នាទប់ស្កាត់គ្រឿងញៀនកុំឱ្យឆ្លងកាត់ពីកម្ពុជាទៅថៃ ក៏ដូចជាពីថៃមកកម្ពុជា។ 

សូមបញ្ជាក់ថា៖ ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានព្រមានហើយ មន្ត្រីនគរបាលជាតិណាមួយ ដែលពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។ ស្របពេលនេះ មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គាំទ្រចំពោះចំណាត់ការនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖