ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សាជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (FCSSC) ជជែកស្វែងយល់ពីកិច្ចការងារសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និងកាបូនក្រេឌីតនៅកម្ពុជា

ចែករំលែក៖

ទីក្រុងប៉េកាំង ប្រទេសចិន ៖ កាលពីថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង Financial Center for South-South Cooperation (FCSSC)។

កិច្ចពិភាក្សានេះបានជជែកលើកិច្ចសហប្រតិបត្តិការ និងការវិនិយោគក្នុងប្រទេសកម្ពុជា តាមរយៈការស្វែងយល់លើចំណុចមួយចំនួនទាក់ទងនឹងវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និងកាបូនក្រេឌីតជាដើម។ 

ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC លោកស្រី Zhang Xiaowen បានបង្ហាញចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតចិន-កម្ពុជា ដែលឆ្នាំនេះគឺជាខួបទី ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។ ជម្រាបជូនអង្គពិធីបន្ថែម លោកស្រី ក៏បានលើកឡើងអំពី ប្រវត្តិកិច្ចការងារវិនិយោគរបស់សមាជិកមជ្ឈមណ្ឌលមួយចំនួនដែលកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា និងសមាជិកមួយចំនួនផ្សេងទៀតដែលចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយកំពុងបញ្ជូនក្រុមការងារមកសិក្សាស៊ីជម្រៅលើការវិនិយោគនៅកម្ពុជា។ 

ក្នុងកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជារួម និងការវិវឌ្ឍថ្មីៗនៃគោលនយោបាយកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនានាដែលអង្គប្រជុំបានលើកឡើង។ បន្ថែមលើការជម្រាបជូនអំពីវិស័យពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតលើកឡើងជាថ្មីម្ដងទៀតអំពីសក្តានុពលសេដ្ឋកិច្ច ការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កភាពងាយស្រួលសម្រាប់វិនិយោគិន។ 

ដើម្បីធានាឱ្យបានការគាំទ្រលើដំណើរការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់រួចរាល់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមានគម្រោងទំនើបថ្មីៗជាច្រើនទៀតដែលនឹងបម្រើប្រយោជន៍ជារួមសម្រាប់វិនិយោគិន និងកម្ពុជាទាំងមូល៕

ដោយ ៖ សហការី


ចែករំលែក៖