ខេត្តព្រះវិហារ ៖ នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ លេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ ។
លោក ឃុន សុខា អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ចាប់ដំណើរការរៀបចំឡើងក្រោមការសម្របសម្រួល ពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការពារជាតិ និងមានការគាំទ្រថវិកាពីប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ លើការពង្រឹងសមត្ថភាពអោយបានល្អប្រសើរក្នុងការបំពេញការងារជួយសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយទឹកជំនន់។ បន្ថែមលើសពីនេះសិក្ខាកាមមានឱកាសក្នុងការសម្របសម្រួលរវាងកងកម្លាំងរុករក និងសង្គ្រោះ និងផ្នែកស៊ីវិលផងដែរ។
លោក ឃុន សុខា បានលើកឡើងបន្ថែមថា៖ បច្ចុប្បន្ននេះលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមរុករក និងសង្គ្រោះ និងគាំទ្រក្នុងការផ្គត់ផ្គង់នូវសម្ភារៈប្រើប្រាស់សម្រាប់រុករក និងសង្គ្រោះសម្រាប់យកទៅអនុវត្តក្នុងការឆ្លើយតប ។ វគ្គបណ្តុះណ្ដាលដែលបាន និងកំពុងរៀបចំបើកនៅថ្ងៃនេះមានចំនួន ១២០នាក់ សិក្សារយៈពេល ៥ថ្ងៃ លើមុខជំនាញរួមមាន៖
-១ ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងយន្តការសម្រប សម្រួលរវាងផ្នែកស៊ីវិល និងយោធា។
-២ រចនាសម្ព័ន្ធ នៃប្រព័ន្ធបញ្ហាឧប្បត្តិហេតុកងរុករកសង្គ្រោះលេខ៧២១។
-៣ គ្រោះមហន្តរាយទឹកជំនន់ បទដ្ឋាននៃការឆ្លើយតបគ្រោះមហន្តរាយ និងការជម្លៀស និងការ គ្រប់គ្រងការជម្លៀស ។
-៤ ជំនាញសង្គ្រោះបឋម និងជំនាញនៃការប្រើប្រាស់ខ្សែចំណងសុវត្ថិភាព ។
-៥ លំហាត់សង្គ្រោះលើផ្ទៃទឹក (វិញ្ញាសារហែលសង្គ្រោះ វិញ្ញាសារប្រើខ្សែសង្គ្រោះ វិញ្ញាសារប្រើ ពោងសង្គ្រោះ វិញ្ញាសារប្រើទូកសង្គ្រោះ និងការហ្វឹកហាត់ដៃចង្កូត)ការប៉ាន់ប្រមាណឧប្បត្តិហេតុ។
-៦ ការគ្រប់គ្រងទូក និងជុសជុលម៉ាស៊ីនទូក។
-៧ ការសិក្សាពីភូមិសាស្ត្រ ការរៀបចំផែនការរុករក និងសង្គ្រោះ និងការចុះអនុវត្តលើប្រព័ន្ធបញ្ហា ឧប្បត្តិហេតុគ្រោះមហន្តរាយទឹកជំនន់ ។
-៨ ការគ្រប់គ្រងធនធាន សម្ភារៈរុករក និងសង្គ្រោះ។
អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តថា ការហ្វឹកហ្វឺនត្រូវបានបែងចែកជាពីរ÷ គឺការសិក្សាផ្នែកទ្រឹស្តី និងអនុវត្តលើទីលានជាក់ស្តែង។ ក្រោមការសម្របសម្រួលពីគ្រូហ្វឹកហ្វឺនចំនួន ១០នាក់ ក្នុងនោះមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួន ២រូប គ្រូបង្គោលកងពលធំអន្តរាគមន៍លេខ៣ ចំនួន ១០រូប E 70 ចំនួន ១រូប កងពលតូចអន្តរាគមន៍លេខ១ ចំនួន ៥រូប។
ក្នុងពិធីនេះដែរ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងនូវការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ដោយធ្វើយ៉ាងណាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ នៅក្នុងអំឡុងពេលគណៈគ្រប់គ្រងវគ្គបានបណ្តុះបណ្តាល យកទៅបម្រើការងារ ចំគោលដៅ និងទាន់ពេលវេលាឲ្យមានប្រសិទ្ឋភាព បច្ចេកទេសរុករក និងសង្គ្រោះប្រជាជនចេញពីកន្លែងគ្រោះមហន្តរាយទឹកជំនន់ និងកន្លែងផ្សេងៗ ទៀត ដែលកើតឡើងជាយថាហេតុ ឲ្យទទួលបាននូវសុខសន្តិភាព។
យោងតាមសេចក្តីរាយការណ៍ របស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងជូនគណៈអធិបតី ស្តីអំពីការខ្វះខាត អភិបាលខេត្ត ឯកឧត្តម គីម រិទ្ធី បានជួយឧបត្ថម្ភឃ្លាំង ១ខ្នង ធ្វើអំពីដែកប្រក់ស័ង្កសី ទំហំ៨×១២ម៉ែត្រ ក្រោមការចំណាយអស់ទឹកប្រាក់ប្រមាណ ៦៥០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទុកដាក់សម្ភារៈ សង្គ្រោះគ្រោះមហន្តរាយ និងបន្ថែមនូវថវិកាចំនួន ១៤ លានរៀល នៅក្នុងការផ្គត់ផ្គង់នៃដំណើរការបើកវគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ នេះផងដែរ៕
ដោយ ៖ សហការី