ព័ត៌មានទាន់ហេតុការណ៍៖

លោក អូបាម៉ា ប្រតិកម្មចំពោះការវាយប្រហារនៅតំបន់កាហ្សាពីសំណាក់អុីស្រាអែល

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា សកម្មភាពមួយចំនួនរបស់អ៉ីស្រាអែល នៅក្នុងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ ដូចជាកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារនិងទឹកជាដើម សម្រាប់តំបន់ Gaza Strip អាចនឹងពង្រឹងឥរិយាបថរបស់ប្រជាជនប៉ាឡេស្ទីនច្រើនជំនាន់ថែមទៀត ហើយធ្វើឱ្យការគាំទ្ររបស់អន្តរជាតិសម្រាប់អ៉ីស្រាអែលចុះទន់ខ្សោយ។
លោកអតីតប្រធានាធិបតីអាមេរិក បាននិយាយថា យុទ្ធសាស្រ្តយោធាអ៉ីស្រាអែលណាមួយ ដែលមិនគិតគូរអំពីតម្លៃនៃផលប៉ះពាល់របស់សង្រ្គាម ចំពោះអាយុជីវិតមនុស្ស គឺអាចនឹងជះផលតបស្នងអវិជ្ជមានត្រឡប់ទៅវិញ។ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៉ីស្រាអែលក្នុងការកាត់ផ្តាច់ស្បៀងអាហារ ទឹកនិងអគ្គិសនី សម្រាប់ប្រជាជនស៉ីវិលនៅតំបន់ Gaza មិនត្រឹមតែបង្កហានិភ័យធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាអាចបន្តពង្រឹងឥរិយាបថប្រជាជនប៉ាឡេស្ទីនច្រើនជំនាន់ថែមទៀត, ប៉ះពាល់ដល់ការគាំទ្រអន្តរជាតិសម្រាប់អុីស្រាអែល, ឈានជើងចូលអន្ទាក់របស់សត្រូវអ៉ីស្រាអែល និងបំផ្លាញកិច្ចប្រឹងប្រែងរយៈពេលវែងក្នុងការឆ្ពោះទៅសម្រេចឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
រយៈពេលជាង២សប្តាហ៍មកនេះ អ៉ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើតំបន់ Gaza ចាប់តាំងពីការឆ្មក់វាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១,៤០០នាក់។ យោងតាមក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស់ យុទ្ធនាការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលបានផ្តាច់ជីវិតមនុស្សកើនលើស៥,០០០នាក់ហើយ។ លោក អូបាម៉ា បានថ្កោលទោសការវាយប្រហាររបស់ហាម៉ាស់ និងគូសបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោកសម្រាប់សិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ប៉ុន្តែលោកបានព្រមានឱ្យប្រុងប្រយ័ត្នអំពីហានិភ័យចំពោះជនស៉ីវិលនៅក្នុងសង្រ្គាមនេះ។
ក្នុងអាណត្តិកាន់អំណាចជាប្រធានាធិបតីអាមេរិក លោក អូបាម៉ា ជារឿយៗបានបង្ហាញការគាំទ្រដល់អ៉ីស្រាអែល ក្នុងការអនុវត្តសិទ្ធិការពារខ្លួន នៅអំឡុងពេលចាប់ផ្តើមដំបូង នៃជម្លោះជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានគ្រប់គ្រងតំបន់ Gaza ចាប់តាំងពីឆ្នាំ២០០៧មក។ យ៉ាងណាមិញ លោក អូបាម៉ា ក៏បានចេញមុខអំពាវនាវភ្លាមៗដែរ ឱ្យអ៉ីស្រាអែលបន្ធូរបន្ថយសកម្មភាពវិញ នៅពេលចំនួនប្រជាជនប៉ាឡេស្ទីនដែលបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ចាប់ផ្តើមកើនឡើង។
លោក អូបាម៉ា បានព្យាយាមប៉ុន្តែទីបំផុតបរាជ័យក្នុងការជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ដែលបានស្ថិតក្រោមការចរចារវាងអ៉ីស្រាអែលនឹងប៉ាឡេស្ទីន។ ដោយឡែក ចាប់តាំងពីឡើងកាន់អំណាចកាលពីដើមឆ្នាំ២០២១មក ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ដែលធ្លាប់ជាអតីតអនុប្រធានាធិបតីរបស់លោក អូបាម៉ា មិនបានព្យាយាមស្តារកិច្ចចរចា ដែលជាប់គាំងជាយូរមកហើយឡើងវិញឡើយ ក្រោមហេតុផលថា មេដឹកនាំអ៉ីស្រាអែលនិងប៉ាឡេស្ទីន ហាក់ដូចមិនមានឆន្ទៈចរចានោះទេ ហើយបរិយាកាសក៏មិនអំណោយផលផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖