ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ជនជាតិថៃម្នាក់​ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ម្នាក់រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យហើយនៅថ្ងៃទី២៤ ខែតុលា​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។

  សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់​ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ 

    លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ប៉ាក់ទីផាន វ៉ារ៉ាមីត (PATIAN WARAMIT) ហៅ អូម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងចាប់បានរួមមាន​ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,៤២ក្រាម,​ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០១កូនថង់កិប ទម្ងន់១,០៥ក្រាម,​ ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក1plus ពណ៌ទឹកសណ្តែក),(លិខិតឆ្លងដែនចំនួន០១ក្បាល​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក។ 

    លោកបន្តថា​ មុនឈានដល់ការបង្ក្រាប​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមផ្សាររាត្រីទឹកពុះថា មានករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលេី។ 

    ក្រោយពីទទួលបានព័ត៌មាន​នេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ  បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ រួមនឹងវត្ថុតាង​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ​ និងចាត់ការតាមនីតិវិធី។

    ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។

    ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង​ ជនសង្ស័យ​ត្រូវបាន​កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្ត។ 

    លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ 

    ជនសង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ៖ វណ្ណា


ចែករំលែក៖