ភ្នំពេញ៖ ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២រសៀល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះ បណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី ៣ ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល ក្នុងការ អនុវត្តយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
គោលបំណងនៃមេរៀនទាំងពីរគឺសំដៅឆ្លុះបញ្ចាំងក្នុងការប្រើប្រាស់ និងបង្កើតសមត្ថភាពស្វែង យល់ពីភាពខុសគ្នាសំខាន់ៗ និងរបៀបបង្កើតរវាងការគិតប្រកប ដោយយុទ្ធសាស្រ្ត និងការរៀបចំផែនការប្រកបដោយយុទ្ធសាស្រ្តនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីទទួលបានលទ្ធផល និងការអភិវឌ្ឍឈានទៅមុខ។ ថែមទាំងស្វែង យល់ពីមូលហេតុដែលការសម្របខ្លួន និងភាពរហ័ស រហួន របស់អ្នកដឹកនាំ គឺជាចំណុចសំខាន់ ដើម្បីយល់ ដឹងអំពីសកម្មភាពគន្លឹះនានាដែលចាំបាច់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំបែបសម្របខ្លួន និងឆ្លើយតបទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ តាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួន ១.៨២៧នាក់ ដោយសប្តាហ៍នេះមានការចូលរួមបន្ថែមពី គ្រប់ប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕
ដោយ៖ សូរិយា