ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរចូលព្រៃបេះបន្លែ បន្ទាប់ពីហូបបាយថ្ងៃត្រងរួច តែអកុសលបានជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែននិងកម្លាំងយោធាជួយសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យនៅវេលាម៉ោង១និង២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។
មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ លោកវរសេនីយ៍ឯក ឡុង សំណាង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក មុខរបរជាកសិករ ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែក្នុងព្រៃ ដកផ្សិតនិងជីកទំពាំង បានជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងផ្ទុះមីននិងបានចូលទៅជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ផ្ទុះមីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដើររកអនុផលព្រៃឈើកុំឱ្យចូលព្រៃដែលសង្ស័យថាមានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឱ្យសោះនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម ៕
ដោយ៖ វណ្ណា