ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកដំណើរតាមយន្តហោះនៅខេត្តសៀមរាប កើនឡើងជាមធ្យម ២៦០០នាក់ក្នុង១ថ្ងៃ នេះជាចំណូលសេដ្ឋកិច្ចពីឧស្សាហកម្មអត់ផ្សែង គឺទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនឡើងជាមធ្យមចំនួន ២ ៦០០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៉ីន ចាន់សិរីវុត្ថា ឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចំនួន ១៧ជើង (ឯកទិស/មកដល់) និង ៣៤ជើង (ទ្វេទិស/មកដល់ + ចេញដំណើរ)។

លោកបានឱ្យដឹងបន្តថា ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកទទួលជើងហោះហើរជាផ្លូវការ ចំនួនអ្នកដំណើរតាមយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ ដល់ ២ ៦០០នាក់ក្នុងមួយថ្ងៃ ខណៈកន្លងមក ១៧ជើងដូចគ្នា ទទួលបានអ្នកដំណើរបានប្រមាណជាង ១ពាន់នាក់ប៉ុណ្ណោះ។

លោកលើកឡើងថា ចំនួនភ្ញៀវកើនឡើងនេះ អាចមកពីចាប់ពីខែតុលានេះ គឺជារដូវភ្ញៀវច្រើន (High Season) ដោយចំនួនអ្នកដែលធ្វើដំណើរ មានប្រមាណ ៨០% នៃចំនួនកៅអីនៃយន្តហោះនីមួយៗ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ចេញ និងចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ត្រូវបានសាងសង់ក្រោមទុនវិនិយោគ ១ ១០០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅ ១១២ ៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។

គិតត្រឹមថ្ងៃទី២៣ ខែតុលា មានបុគ្គលិកនិងកម្មករភាគីប្រតិបត្តិការសរុបចំនួន ៤៤៧នាក់ ក្នុងនោះមានបុគ្គលិកគ្រប់គ្រង និងបច្ចេកទេសជនជាតិចិន ៨២នាក់ និងបុគ្គលិកគ្រប់គ្រងនិកនិយោជិកខ្មែរ ៣៦៥នាក់៕

ដោយ ៖ សហការី


ចែករំលែក៖