ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ៖
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។
សូមបងប្អូនជនរួមជាតិមេត្តាធ្វើការប្រុងប្រយ័ត្ន អោយបានខ្ពស់ចំពោះឧប្បត្តិហេតុផ្សេងៗ ដោយគ្រោះធម្មជាតិ ៕
ដោយ ៖ សិលា