ទីភ្នាក់ងារសារព័ត៌មាន Anadolu Agency បានដកស្រង់ប្រភពក្នុងស្រុកដែលនិយាយថា មូលដ្ឋានយោធាអាមេរិកចំនួនបីនៅក្នុងប្រទេសស៊ីរីត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។
យោងតាមប្រភពដដែល មូលដ្ឋានយោធាអាមេរិកដែលកំណត់គោលដៅដោយ UAVs ប្រដាប់អាវុធ រួមមានកន្លែងមួយក្នុងតំបន់អណ្តូងប្រេង al-Omar ភាគខាងកើតនៃមូលដ្ឋាន Deir ez-Zur, al-Tanf និងមូលដ្ឋានal-Shaddadi ក្នុងខេត្ត Al-Hasakah ។
បណ្តាញ Al Mayadeen ដែលមានទំនាក់ទំនងជាមួយក្រុម Hezbollah បានរាយការណ៍ថាមូលដ្ឋានយោធាអាមេរិកចំនួនបីនៅក្នុងប្រទេសស៊ីរីត្រូវបានវាយប្រហារដោយកងជីវពលដែលគាំទ្រដោយអុីរ៉ង់ដោយប្រើ យន្តហោះគ្មានមនុស្សបើក។
Katai’b Hezbollah ជាក្រុមជីវពលអុីរ៉ាក់ដែលបង្កើតឡើងដោយកងកម្លាំង Quds ឥស្សរជនរបស់អុីរ៉ង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយ UAV លើមូលដ្ឋានប្រេង al-Omar, al-Tanf និងមូលដ្ឋាន al-Shaddadi ក្នុងខេត្ត Al-Hasakah ។
ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេជូនដំណឹងអំពីការវាយប្រហារនេះ ខណៈពេលដែលគាត់កំពុងធ្វើសន្និសីទកាសែត។ ភ្លាមៗនោះគាត់បានសម្រេចចិត្តរំលងការប្រជុំ ហើយទៅបន្ទប់ស្ថានការណ៍ដើម្បីពិភាក្សា។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា មិនមានអ្នកស្លាប់ ឬការខូចខាតពីការវាយប្រហារនោះទេ ហើយបានកត់សម្គាល់ថា ពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនៅក្នុងតំបន់ ហើយនឹងចាត់វិធានការចាំបាច់និងសមាមាត្រដើម្បីការពារយោធាអាមេរិក។
សេតវិមាននិងមន្ទីរបញ្ចកោណបានចោទប្រកាន់អុីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារ UAV ថ្មីៗ និងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអុីរ៉ាក់៕
ដោយ៖ ធីរីណា(រូបថត៖ Anadolu)