ភ្នំពេញ ៖ ក្រុមបំពុលសង្គមមិនខ្លាច ពន្ធនាគារទេអី បានជាថ្លើមធំមែន ! ហ៊ានបង្កើត Facebook ដាក់ឈ្មោះលោកស្នងការនគរបាលរាជធានីភ្នំពេញ គឺ«ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ »។
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile ឈ្មោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ យកទៅផុសនូវខ្លឹមសារមួយចំនួនធ្វើឲ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយបង្កប៉ះពាល់កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យជនដែលបង្កើតផេកក្លែងក្លាយឈ្មោះឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ នាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី។
លោកស្នងការបានបង្ហោះថា ៖ ខ្ញុំបាទ សូមបដិសេធចំពោះផេកហ្វេសប៊ុកខាងក្រោមនេះ មិនមែនជាផេកហ្វេសប៊ុករបស់ខ្ញុំបាទទេ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលបានយកឈ្មោះ និងរូបរបស់ខ្ញុំទៅប្រេីប្រាស់ ត្រូវលុបឈ្មោះ និងរូបខ្ញុំចោល ហេីយបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេខ្ញុំបាទ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សិលា