ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា និងធនាគារMay Bank ជួបពិភាក្សាគ្នាអំពីលទ្ធភាពជួយដល់ជនមានពិការភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានទទួលជួប និងពិភាក្សាជាមួយនឹងនាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារ មេយប៊ែង លោកស្រី Qazreen Chan Abdullah នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ចព្រឹកថ្ងៃទី២៥ ខែតុលានេះ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការជួយដល់ជនមានពិការភាពនៅកម្ពុជា។ 

ថ្លែងតំណាងរដ្ឋមន្ត្រី ជា សុមេធី លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានជម្រាបប្រាប់តំណាងធនាគារ Maybank ថាក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី ជា សុមេធី និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យវិស័យពិការភាពកម្ពុជាមានការរីកចម្រើន និងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង។

លោក ឯម ច័ន្ទមករា ក៏បានអរគុណដល់ក្រុមហ៊ុន Maybank របស់ប្រទេសម៉ាឡេស៊ី ដែលចាប់អារម្មណ៍លើភាពជាដៃគូរវាងក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយលោកសង្ឃឹមថា កិច្ចពិភាក្សានៅថ្ងៃនេះនឹងមានកិច្ចសហប្រតិបត្តិរវាងគ្នាដើម្បីរួមចំណែកជួយដល់ជនមានពិការភាព។  

លោកបានលើកឡើងថា៖ «ការចូលរួមចំណែករបស់ធនាគារ May Bank លើការចាប់អារម្មណ៍លើការជួយសង្គ្រោះជនរងគ្រោះ ជាពិសេសពាក់ព័ន្ធនឹងវិស័យជនពិការភាពជំរុញឱ្យវិស័យនេះកាន់តែមានការរីកចម្រើន»។ 

លោកក៏បានជម្រាបជូនលោកស្រី  នាយិកា នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារមេយប៊ែង អំពីដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី «អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥» និងកិច្ចសន្ទនាអាស៊ាន-អាមេរិកកាលពីកន្លងទៅ។ 

លោកបានប្រាប់ថា ក្នុងកិច្ចប្រជុំនោះគឺផ្តោតសំខាន់លើបញ្ហារបស់ជនពិការភាពដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥នៅទីក្រុងកោះពេជ្រ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខណៈបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោក ឯម ច័ន្ទមករា បន្ថែមថាបច្ចុប្បន្នរាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១ ២០០លានដុល្លារសម្រាប់ជួយដល់ជនរងគ្រោះងាយរងហានិភ័យក្នុងវិបត្តិកូវីដ-១៩ និងក្រោយវិបតិ្តកូវីដ-១៩  អតិផរណា ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

តំណាងធនាគារ Maybank លោកស្រី Qazreen Chan Abdullah បានលើកឡើងពីកម្មវិធី ទទួលបានឯករាជ្យភាព និងសហគ្រិនភាពប្រកបដោយនិរន្តរភាព (R.I.S.E.) ដេលជាកម្មវិធីកម្មវិធីពង្រឹងសេដ្ឋកិច្ចពិសេសដែលស្វែងរកការផ្តល់ការគាំទ្រជាក់ស្តែង និងជាក់ស្តែងសម្រាប់សហគមន៍ជួបការលំបាក ដោយផ្តោតលើជនពិការ (PWDs)។ លោកស្រីថាកម្មវិធីនេះត្រូវបានធនាគារដាក់អនុវត្តន៍ក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលមានគោលដៅបណ្ដុះបណ្ដាល ជនមានពិការភាពជំហានដំបូងចំនួន១៦០នាក់ផងដែរ។

លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់លោកស្រី Qazreen Chan Abdullah ដែលបានធ្វើបទបង្ហាញ និងចាប់អារម្មណ៍ជួយដល់បងប្អូនជនមានពិការភាពនៅកម្ពុជា បើទោះបីការជួយនេះអាចជួយត្រឹមតែជនពិការភាព១៦០នាក់ ប៉ុន្តែយ៉ាងហោចណាស់នេះជាការចាប់ផ្តើមមួយជាទីគួរឱ្យកត់សម្គាល់។ លោកគូសបញ្ជាក់ថា ជនពិការនៅកម្ពុជាមានជាង៨០ម៉ឺននាក់នៃចំនួនប្រជាជនកម្ពុជាសរុបជាង១៥លាននាក់៕

ដោយ ៖ សហការី


ចែករំលែក៖