ភ្នំពេញ ៖ រសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដឹកនាំដោយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC អមដំណើរដោយប្រធាន-តំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាល លោក សាស្ត្រា ចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមក រួមមាន ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបាន និងកំពុងចរាចរណ៍ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា សម្រាប់បំពេញសេចក្តីត្រូវការក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ព្រមទាំងការថែទាំសុខភាព សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែល លោក ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។
ភាគីទាំង២ បានពិភាក្សាអំពីវិធីសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន តម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ពិនិត្យលើកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគដូចជា៖
– ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម
– ការគ្រប់គ្រង និងបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង
– ការវិនិយោគមន្ទីរពេទ្យអន្តរជាតិរបស់សហភាពអឺរ៉ុប ដែលមានស្តង់ដារ និងបច្ចេកវិទ្យាទំនើប ស្របតាមតម្រូវការសុខភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបានសេវា និងដើម្បីបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដល់គ្រូពេទ្យកម្ពុជា។
លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់គណៈប្រតិភូធុរកិច្ចខាងលើ ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សហការី