ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ អាម៉េរិកជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់( link )ដើម្បីត្រួតពិនិត្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថាជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចតំណភ្ជាប់នេះឱ្យសោះពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន។
ដូច្នេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន! ។
លោក នេត្រ ភាក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះតាម ប្រព័ន្ធ Telegram បញ្ជាក់ពី មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ អាម៉េរិកជូនដល់ប្រជាពលរដ្ឋ ៕
ដោយ ៖ សហការី