ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចបុរី ជីប ម៉ុង ផ្ទះលេខ៤៣ ផ្លូវលេខL០៣ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីជំនាញបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅសាលាខណ្ឌដង្កោ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប និងរថយន្តបុរី ជីប ម៉ុង ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៣ម៉ែត្រគូប។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ផ្ទះល្វែង ទំហំ (១៤ម៉ែត្រ គុណ ២៣ម៉ែត្រ) បានឆេះបន្ទប់ផ្ទះបាយ និងសម្ភារៈផ្ទះបាយអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ និងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ០៨និង០៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល។ ក្នុងហេតុការណ៍នេះ ក៏មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ រឺឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕
ដោយ ៖ ភារ៉ា ដង្កោ