ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០ គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០ គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា  ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៧.៥១៦ គ្រួសារ (ក្នុងនោះថ្នាក់កណ្តាល បានឆ្លើយតបចំនួន ៦.២១០គ្រួសារ និងថ្នាក់សាខាឆ្លើយតបបាន ១.៣០៦គ្រួសារ) នៅតាមបណ្តារាជធានី-ខេត្តចំនួន ៩ រួមមាន រាជធានីភ្នំពេញ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកណ្តាល, ខេត្តព្រះវិហារ និងខេត្តតាកែវ៕

ដោយ ៖ សហការី


ចែករំលែក៖