ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីកម្ពុជាឡើយ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិកម្ពុជាថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាត​ឲ្យ​មានមូលដ្ឋានកងទ័ពបរទេសលើ ​ទឹកដីកម្ពុជានោះឡើយ ​ហើយមួយ វិញទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងដាច់ខាតផងដែរចំពោះការប្រើប្រាស់ ឬការ​គម្រាម​ប្រើប្រាស់កម្លាំង​ក្នុងការ​ទំនាក់ទំនង​អន្តរជាតិនោះ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួប១៥ឆ្នាំ ​នៃថ្ងៃបង្កើតអគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេសរបស់ក្រសួងការពារជាតិ ​នាព្រឹកថ្ងៃទី២៦ ខែ តុលា​ ឆ្នាំ២០២៣នេះ។  នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា« រាជរដ្ឋាភិបាលបានប្តេជ្ញា​បន្តអនុវត្តនយោបាយការបរទេស​ឯករាជ្យ ​ដោយផ្អែកលើច្បាប់អន្តរជាតិ ​និងគោរពដាច់ខាតនូវអធិបតេយ្យ បូរណភាពទឹកដី និង​ឯករាជ្យរបស់រដ្ឋជា សមាជិក អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍​ដែលទទួល ស្គាល់ជាសកល និងប្រកាន់គោលការណ៍មិនគាំទ្រការ ប្រើប្រាស់ ឬការគម្រាមប្រើប្រាស់​កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការឈ្លានពាន​ប្រឆាំងរដ្ឋឯករាជ្យ ការបំបែករដ្ឋការកាត់យកទឹកដី​ពីរដ្ឋធិបតេយ្យ និងការ​ជ្រៀងជ្រែក​កិច្ចការផ្ទៃ ​ក្នុងនៃប្រទេសដទៃ ព្រមទាំងបន្តប្រកាន់ជំហរម៉ឺងម៉ាត់​មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ព​បរទេសនៅលើ ​ទឹកដីកម្ពុជានោះឡើយ»។

នាយឧត្តសេនីយ៍បន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ ប្រកាន់​គោលការណ៍​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​មិនចូលបក្សសម្ព័ន្ធ ​និង​អនុវត្តការទូត​ទន់ភ្លន់ ​ប៉ុន្តែ​ម៉ឺងម៉ាត់ ​បត់បែន​ និង​ថ្លឹងថ្លែង​ ស្របតាម ​ការ​ផ្លាស់ប្តូរ​ផ្នែកយុទ្ធសាស្រ្តភូមិសាស្រ្ត​នយោបាយ ​ក្នុង​តំបន់ ​និង​សកលោក ដោយ​តម្កល់​ផលប្រយោជន៍ ​ស្នូល​របស់ជាតិជាចម្បង​ ក្នុងការ​អនុវត្តគោលនយោបាយ​ការបរទេស​រួមចំណែក​ការពារ​អធិបតេយ្យជាតិ​ និងបូរណភាពទឹកដី​ ការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច សម្រាប់​លើកកម្ពស់ជីវភាពប្រជាជននិងលើក កម្ពស់ កិត្យានុភាព ​និងឧត្តមភាពជាតិទាំងក្នុងក្រប ខ័ណ្ឌតំបន់និងសកលលោក។ ​លើកកម្ពស់ទំនាក់ទំនងនល្អជា ​មួយប្រទេសជិតខាង ​ដើម្បីសម្រេចចក្ខុវិស័យ​ប្រែក្លាយព្រំដែនទៅជាតំបន់សសន្តិភាព ស្ថិរភាព ​និងរីកចម្រើន ​ទន្ទឹមនឹងការបន្តពង្រឹង និង​ពង្រីកទំនាក់ ទំនងជាមួយដៃគូយុទ្ធសាស្រ្តនានាទាំងក្នុង ​និងក្រៅតំបន់ជាដើម។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានបញ្ជាក់ផងដែរថា ​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ​ក៏បានដាក់ ចេញកម្មវិធីយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ក្នុងនោះវិស័យ ​ការបរទេសបានកំណត់ច្បាស់គោលដៅយុទ្ធសាស្រ្ត គឺបន្តពង្រឹងអនុវត្ត​នយោបាយ​ការបរទេសឯករាជ្យ ​ផ្អែកលើច្បាប់ ​ក្នុងកិច្ចការពារ និងជំរុញបង្កើនផលប្រយោជន៍ស្នូល​របស់ជាតិ ការកសាងមិត្តភាព, កិច្ចស ហប្រតិបត្តិការប្រសើរជាមួយប្រទេសទាំងអស់នៅលើពិភព​លោក ​និងអង្គការអន្តរជាតិនានា ព្រមទាំងការ ​ចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ​និងសកលលោក ស្របតាមអភិក្រម«រក្សាចាស់ បង្កើតថ្មី»៕

ដោយ៖ សូរិយា


ចែករំលែក៖