ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារអភិរក្ស ជួសជុលពង្រឹងគ្រឹះ និងរចនាសម្ព័ន្ធតួប្រាសាទឥដ្ឋនៅទិសអាគ្នេយ៍ប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលគ្រឹះ និងរចនាសម្ព័ន្ធមួយចំនួនទៀត នៃតួប្រាសាទឥដ្ឋ នៅទិសអាគ្នេយ៍របស់ប្រាសាទបាគង ដែលរងការខូចខាតខ្លាំង ដោយសារអាយុកាលជាង១០០០ឆ្នាំ បញ្ចៀសពីការប្រឈមនឹងគ្រោះថ្នាក់ និងការខូចខាតជាបន្តទៀត។

បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល ឱ្យដឹងថា បច្ចុប្បន្នតួប្រាសាទឥដ្ឋនេះ មានហានិភ័យខ្ពស់ ដោយគ្រឹះនៅជ្រុងអាគ្នេយ៍បានហែកហើយផ្ទៃជញ្ជាំងបានប្រេះរហែកប្រមាណ៤ ទៅ ៥កន្លែង ដែលទាមទារឱ្យក្រុមការងារជួសជុលសង្គ្រោះដោយប្រើរយៈពេលវែង។ 

លោក គឹម ហួល មានប្រសាសន៍ទៀតថា នៅក្នុងដំណាក់កាលនេះ ក្រុមការងារបានពង្រឹងគ្រឹះដែលហែកឡើងវិញ ដោយរៀបឥដ្ឋនៅកន្លែងដែលបានពុកផុយ ដើម្បីទល់ទ្រកម្លាំងសង្កត់របស់ជញ្ជាំង។ រីឯជញ្ជាំងដែលប្រេះរហែក គឺប្រើប្រាស់ដែកក្រវាត់ជុំវិញ ដើម្បីជួយទប់កុំឱ្យកម្លាំងសង្កត់របស់ជញ្ជាំងធាក់មកទៀត។ ក្រៅពីនេះក្រុមការងារ បានបិទភ្ជិតស្នាមប្រេះនៅតាមជញ្ជាំង និងពង្រឹងរចនាសម្ព័ន្ធជាច្រើនកន្លែងទៀត នៅផ្នែកខាងលើនៃតួប្រាសាទ ដែលកំពុងមានស្ថានភាពពុកផុយខ្លាំងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖