ព័ត៌មានទាន់ហេតុការណ៍៖

អនុគណក្រុងបាត់ដំបង បាននាំនូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួន ជាលើកទី២ ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង បាននាំនូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួន ជាលើកទី២  ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង…….។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃអង្គារ ទី ២៦ ខែតុលា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ដែលមាន លោក សុខ លូ ជាប្រធានបានទទួលជាលើកទី២ឆ្នាំ២០២៣ នូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ដែលសរុបជាទឹកប្រាក់ចំនួន ១០.៤០០.០០០រៀល ពី ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី  យឿម រដ្ឋសភា  ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង និងសហការី នៃសាលាអនុគណក្រុងបាត់ដំបង នៅវត្តវិបុលត្ថារាម ហៅវត្តកណ្តាល   ដែលស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ក្នុងឱកាសនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន  អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  និង លោក ផេង សិទ្ធី និងសហការី បានអញ្ជើញបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

បន្ទាប់ពីបានបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យចប់សព្វគ្រប់ហើយ ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី  យឿម រដ្ឋសភា  ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមាន លោក សុខ លូ  ជាប្រធាន បានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់។

ជាមួយគ្នានេះ លោកបានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុង  ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត លើកទី២ ក្នុងឆ្នាំ២០២៣ សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ ឯកឧត្តម បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

លោកបានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ។ លោកបានបញ្ជាក់បន្ថែមថា រយៈពេល១០ខែដើមឆ្នាំ២០២៣ នេះសាខាខេត្តបាត់ដំបង បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន១២៨ លើកស្មើនឹង ៣,៩២២គ្រួសារ ក្នុងក្រុង ស្រុកទាំង១៤

 នៃខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ទេយ្យទាន (សង្គហទាន) នៃសាលាអនុគណក្រុងបាត់ដំបងជូនដល់ សាខាកាកបាទក្រហមកម្ពុជា ជា ខេត្តលើកទី២នេះ រួមមាន ៖  អង្ករ  ១,២០០ គីឡូក្រាមមី៥២ កេស (តូច),ត្រីខ២៤យួរ,ទឹកស៊ីអ៊ីវ៣៣យួរ,ទឹកត្រី៣០យួរ,ទឹកបរិសុទ្ធ២១កេសុ,ទឹកបរិសុទ្ធ២៣ យួរ, ទឹកក្រូចចម្រុះ២១ កេស,ទឹកអូឈិនិងកូកាកូឡា Big ៩ យួរ,ប៊ីចេង៨ កញ្ចប់, អំបិល ៣៣ គីឡូក្រាម,ស្ករស៥០ គីឡូក្រាម,ទឹកដោះ គោខាប៦៣ កំប៉ុង ,និងបច្ច័យចំនួន ១,៦០០,០០០ រៀលដែលសរុបជាទឹកប្រាក់លើទេយ្យទានទាំងនេះមានចំនួន ១០.៤០០.០០០រៀល ៕ 

ដោយ ៖ សហការី


ចែករំលែក៖